FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រកាសចូលកាន់តំណែងអភិបាលរងស្រុកថ្មពួក និងស្វាយចេក និងនាយករដ្ឋបាលសាលាស្រុកស្វាយចេក

27-11-2026 15:18

(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសតែងតាំង ការផ្លាស់ប្តូរ និងការប្រគល់ភារកិច្ច អភិបាលរងស្រុកចំនួន២រូប រួមមាន ស្រុកថ្មពួក និងស្រុកស្វាយចេក និងនាយករដ្ឋបាលសាលាស្រុកស្វាយចេក១រូប ក្រោមអធិបតីភាពលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ការប្រកាសតែងតាំង និងផ្លាស់ប្ដូរនេះ ជាដំណើរការប្រក្រតី សម្រាប់ការគ្រប់គ្រងមន្រ្តីរាជការក្នុងការបំពេញ ការងារប្រចាំថ្ងៃ ដោយអនុលោមតាមក្របខ័ណ្ឌច្បាប់ ជាពិសេសច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាជាធរមាន ក្នុងគោលបំណងលើកកម្ពស់ ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការគ្រប់គ្រងមន្រ្តីរាជការ បុគ្គលិករបស់រាជរដ្ឋាភិបាល និងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ។

ក្នុងឱកាសនេះ លោក អ៊ុំ រាត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ ដែលកន្លងមកបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទី-ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ កែលំអសេវារដ្ឋបាលសាធារណៈ ឲ្យកាន់តែមានភាពល្អប្រសើរជាងមុន ជាពិសេសបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយរួមគ្នាសម្រេចបាននូវសមិទ្ធផលដែលធានាថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ-សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងខេត្ត ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សូមបញ្ជាក់ថា លោកស្រី គិត សឺឌី ឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ៦ ត្រូវបានតែងតាំងជាអភិបាលរងស្រុកស្វាយចេក និងលោក ហួ សំបឿ ឋានន្តរសក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ២ ត្រូវបានប្រគល់ភារកិច្ចឲ្យកាន់មុខតំណែងជានាយករដ្ឋបាលសាលាស្រុកស្វាយចេក។

ដោយឡែកលោក ភិន ឈួង ឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ២ ត្រូវបានផ្ទេរភារកិច្ចពីអភិបាលរងស្រុកស្វាយចេក ឲ្យបន្តកាន់មុខតំណែងជា អភិបាលរងស្រុកថ្មពួក ជំនួសលោក ប៊ុន​ លាងផេង ដែលត្រូវផ្ទេរភារកិច្ចពីអភិបាលរងស្រុកថ្មពួក ឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ៕