អភិបាលខេត្តព្រះវិហារ ដឹកនាំប្រតិភូចូលរួមពិធីបុណ្យកាហ្វេ តែ និងផលិតផលកសិកម្ម នៅខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែនទាំងពីរ
27-11-2026 15:13
(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកស្រី សុខា គងពិសី គីមរិទ្ធី នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំប្រតិភូគណៈខេត្តព្រះវិហារ ទៅចូលរួមក្នុងពិធីបុណ្យកាហ្វេ តែ និងផលិតផលកសិកម្ម ដើម្បីអបអរសាទរខួបលើកទី៥១ នៃទិវាបុណ្យជាតិរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលប្រារព្ធឡើងនៅទីក្រុងប៉ាកសេ ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងសំខាន់ ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាខេត្តជាប់ព្រំដែន និងមានទំនាក់ទំនងប្រវត្តិសាស្ត្រជាមួយគ្នាជាយូរលង់មកហើយ។
ក្នុងឱកាសនោះ ប្រតិភូខេត្តព្រះវិហារ ក៏បានស្វែងយល់អំពីសក្តានុពល និងការរីកចម្រើននៃវិស័យកសិកម្មរបស់ខេត្តចម្ប៉ាសាក់ ជាពិសេសការដាំដុះកាហ្វេ និងតែ នៅតំបន់ខ្ពង់រាបបូឡាវេន (Bolaven Plateau) ដែលមានទីតាំងស្ថិតនៅស្រុកប៉ាក់សង ខេត្តចម្ប៉ាសាក់ ដែលជាតំបន់មានសក្តានុពលខ្ពស់ក្នុងការផលិតផលិតផលកសិកម្ម។
ជាមួយគ្នានេះ ដំណើរទស្សនកិច្ចក៏ជាឱកាសដ៏មានសារៈសំខាន់សម្រាប់ភាគីទាំងពីរ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង និងស្វែងរកលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និងវប្បធម៌ ដើម្បីបង្កើនឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៃខេត្តទាំងពីរ។
ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តព្រះវិហារ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងភាពជាអ្នកជិតខាងល្អជាមួយបណ្តាខេត្តជាប់ព្រំដែន នៃប្រទេសឡាវ ព្រមទាំងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការឆ្លងដែន ឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាព ស្របតាមគោលនយោបាយកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា៕





























