FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិត្យានុភាព និងមោទនភាពជាតិកម្ពុជា កំពុងងើបឡើងវិញ ខណៈសហគមន៍អន្តរជាតិទទួលស្គាល់កម្ពុជាដោយស្មើភាព និងស្មើសិទ្ធិ (Video inside)

27-11-2026 10:32

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្នកិត្យានុភាព និងមោទនភាពជាតិកម្ពុជា កំពុងងើបឡើងវិញយ៉ាងរស់រវើក ស្របពេលសហគមន៍តំបន់ និងអន្តរជាតិ កំពុងទទួលស្គាល់កម្ពុជាដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេសនានាក្នុងសកលលោក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅសាលសន្និសីទ និងពិព័រណ៍អន្តរជាតិកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «បច្ចុប្បន្នកិត្យានុភាពជាតិ និងមោទនភាពជាតិកំពុងងើបឈរឡើងវិញ ប្រកបដោយភាពរស់រវើកស្របពេលដែលសហគមន៍ តំបន់ និងអន្ដរជាតិ កំពុងទទួលស្គាល់កម្ពុជាដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្ដាប្រទេសនានានៅក្នុងសកលលោក»។

បើតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាផ្លូវការជាមួយសហគមន៍អន្តរជាតិនាពេលកន្លងមក បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ការបង្កើនកិច្ចសហការជាមួយបណ្តាប្រទេសជាដៃគូ ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ផលប្រយោជន៍ជាតិ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា ក្នុងវិស័យសេដ្ឋកិច្ច កម្ពុជាបានផ្លាស់ប្តូរពីការអនុវត្តសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារ ព្រមទាំងបានប្រែក្លាយពីប្រទេសដែលពឹងផ្អែកស្ទើរតែទាំងស្រុងលើវិស័យកសិកម្ម ទៅជាប្រទេសដែលមានសមាហរណកម្មយ៉ាងពេញលេញក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក។

សម្តេចធិបតីបានលើកឡើងទៀតថា ជាលទ្ធផល ក្នុងរយៈពេលជាង២ទសវត្សរ៍ មុនវិបត្តិកូវីដ១៩ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនជាមធ្យមប្រមាណ៨% ក្នុងមួយឆ្នាំ។ កំណើនសេដ្ឋកិច្ចដ៏ខ្ពស់នេះ បានរួមចំណែកធ្វើឱ្យប្រជាពលរដ្ឋកម្ពុជារាប់លាននាក់អាចចាកផុតពីភាពក្រីក្រ បន្ទាប់ពីថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩៕