FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យទីតាំងអតីតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសារមន្ទីរជាតិ ដើម្បីរៀបចំកែលម្អ និងរៀបចំកន្លែងដាក់បង្ហាញសម្បត្តិវប្បធម៌ខ្មែរ

27-11-2026 07:38

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឆ្លៀតឱកាសអញ្ជើញចុះពិនិត្យដោយផ្ទាល់ នៅទីតាំងអតីតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសារមន្ទីរជាតិ ក្នុងរាជធានីភ្នំពេញ។

ដំណើរចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដានការសិក្សាស្រាវជ្រាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពីលទ្ធភាពនៃការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធទីតាំងប្រវត្តិសាស្ត្រទាំងពីរនេះ ឱ្យកាន់តែប្រសើរឡើងនៅថ្ងៃអនាគត។

ទន្ទឹមនឹងការកែលម្អ សម្តេចធិបតីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះក៏ដើម្បីពិនិត្យលទ្ធភាពរៀបចំទីតាំង សម្រាប់ដាក់តាំងបង្ហាញនូវសម្លៀកបំពាក់ប្រពៃណីខ្មែរ ឧបករណ៍ភ្លេងបុរាណ និងសម្បត្តិវប្បធម៌ ប្រពៃណីដូនតាខ្មែរនានា ជាពិសេសបេតិកភណ្ឌដែលបានចុះបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO) នាពេលកន្លងមក ក៏ដូចជាត្រៀមរៀបចំសម្រាប់សម្បត្តិវប្បធម៌ ដែលគ្រោងនឹងចុះបញ្ជីជាបន្តបន្ទាប់នៅថ្ងៃខាងមុខ។

គំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិរក្ស លើកតម្កើង និងផ្សព្វផ្សាយមរតកវប្បធម៌ដ៏សម្បូរបែបរបស់ជាតិ ឱ្យកាន់តែលេចធ្លោលើឆាកអន្តរជាតិ ព្រមទាំងបន្សល់ទុកជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ បានសិក្សាស្វែងយល់៕