FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជាឆ្នាំ២០២៦

27-11-2026 06:53

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជា​អធិប​តីក្នុងវេទិកាធុរកិច្ចធុរកិច្ច និងវិនិយោគអន្តរជាតិឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅសាលសន្និសីទ និងពិព័រណ៍អន្តរជាតិកោះពេជ្រ។

វេទិកាធុរកិច្ចធុរកិច្ច និងវិនិយោគអន្តរជាតិឆ្នាំ២០២៦ រៀបចំឡើងសមាគមសហព័ន្ធ​ជំរុញពាណិជ្ជ​កម្ម និងវិនិយោគជាតិកម្ពុជា ដោយមានអ្នកចូលរួមប្រមាណ ១,២០០នាក់ សុទ្ធសឹងជាអ្នកធ្វើធុរ​កិច្ច អ្នកវិនិយោគ មកពីប្រទេសចិន ហុងកុង តៃវ៉ាន់ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន កូរ៉េ និងសហគម​អឺរ៉ុបជាដើម។

វេទិកានេះ មិនមែនគ្រាន់តែជាវេទិកាធុរកិច្ចអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសហប្រតិបត្តិការ​ដ៏សំខាន់ ដែលតភ្ជាប់គោលនយោបាយរដ្ឋាភិបាល ដើមទុនសកល ធនធានឧស្សាហកម្ម និង​ឱកាសធ្វើ​​ធុរកិច្ចឆ្លងដែន។ វេទិកានេះនឹងផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា គោលនយោបាយ​វិនិយោគ ការលើកកម្ពស់ឧស្សាហកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្កើតឱកាស​ថ្មីៗ​សម្រាប់​ការវិនិយោគ និងការពង្រីកអាជីវកម្ម។

ក្នុងអំឡុងពេលវេទិកានេះ ឯកសារសស្តីពីឱកាសវិនិយោគនៅកម្ពុជា នឹងត្រូវបានចេញផ្សាយ ដែលគ្របដណ្តប់លើម៉ាក្រូសេដ្ឋកិច្ច ការរៀបចំផែនការឧស្សាហកម្ម គោលនយោបាយវិនិយោគ និងការអនុវត្តធុរកិច្ច។ របៀបវារៈក៏នឹងផ្តោតលើបញ្ហាជាក់ស្តែងដែលក្រុមហ៊ុននានា​កំពុងជួបប្រទះ​នៅកម្ពុជា រួមមានការរៀបចំផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ការអនុលោមតាមពន្ធដារ និងច្បាប់ ប្រតិបត្តិការអាជីវកម្មក្នុងស្រុក ហិរញ្ញវត្ថុឆ្លងដែន និងការអភិវឌ្ឍទីផ្សារមូលធន។

កម្មវិធីនឹងរួមបញ្ចូលសុន្ទរកថាគន្លឹះ កិច្ចសន្ទនាកម្រិតខ្ពស់ ការពិភាក្សាឧស្សាហកម្ម ការបង្ហាញ​បទ​ពិសោធន៍ធុរកិច្ច និងការបង្កើតបណ្តាញវិនិយោគិន។

រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​យក​ចិត្តទុកដាក់ខ្ពស់លើការកែលំអបរិយាកាសនៃការវិនិយោគ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគទាំង​ឡាយ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ក៏ដូចជាទាក់ទាញការវិនិយោគពីក្រៅប្រទេស​បន្ថែម​ទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច និងគោល​នយោបាយ​លើកទឹកចិត្តជាច្រើន ដើម្បីកែលំអបរិយាកាសធុរកិច្ចនេះ មានដូចជា៖ ការលើកទឹកចិត្តផ្នែកពន្ធដារ និងគោលនយោបាយវិនិយោគ, ការកែទម្រង់នីតិវិធី និងបរិវត្តកម្មឌីជីថល, ការគាំទ្រសហគ្រាសធុនតូច និងមធ្យម (MSMEs) និងផលិតផលក្នុងស្រុក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ទីផ្សារ។

តាមរយៈការកែលំអបរិយាកាសវិនិយោគនេះ និងការរក្សាបានស្ថេរភាពនយោបាយ ធ្វើឱ្យកម្ពុជា​នៅតែរក្សាបាននូវស្ថានភាពល្អប្រសើរលើការវិនិយោគ ក៏ដូចជាការធ្វើពាណិជ្ជកម្ម។ កម្ពុជា នៅតែជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគពីក្រៅប្រទេស។

ក្នុងរយៈពេល ១០ខែឆ្នាំ២០២៦ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបជាង ៤១៥គម្រោង ដែលមានទំហំទុនវិនិយោគសរុបប្រមាណ ៦,១៦ប៊ីលានដុល្លារអាម៉េរិក ខណៈឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៦៣០គម្រោង ជាមួយទំហំទុនប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក និងបង្កើតការងារបានប្រមាណ ៤៣៨,០០០ កន្លែង។

ដោយឡែកការធ្វើពាណិជ្ជកម្មក៏រក្សាបានកំណើនគួរឱ្យកត់សម្គាល់ដែរ។ រយៈពេល១០ខែ ពាណិជ្ជករបស់កម្ពុជា សម្រេចបានទឹកប្រាក់ប្រមាណ ៦៤,៩៦ប៊ីលានដុល្លារអាម៉េរិក កើនឡើង ២១ភាគរយ បើធៀបនឹងរយៈ​ពេល​ដូចគ្នាក្នុងឆ្នាំ២០២៥ មានទឹកប្រាក់ ៥៣,៥១ប៊ីលានដុល្លារ។

ក្នុងនោះការនាំចេញរបស់កម្ពុជា មានទំហំ ៣០,៤០ប៊ីលានដុល្លារ កើនឡើង១៨ភាគរយ ធៀបនឹងរយៈពេល ១០ខែ ឆ្នាំ២០២៥។ សម្រាប់ការនាំចូលមានទឹកប្រាក់ ៣៤,៥៦ប៊ីលានដុល្លារ ដែលភាគច្រើនជាវត្ថុធាតុដើម គ្រឿងបង្គុំ និងគ្រឿងចក្រសម្រាប់បម្រើឱ្យខ្សែច្រវាក់​ផលិតកម្ម​នាំចេញ។

ទំនិញដែលកម្ពុជានាំចេញចម្បង មានដូចជាសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ សំបកកង់រថយន្ត គ្រឿងបន្លាស់ និងបង្គុំអេឡិចត្រូនិក គ្រឿងសង្ហារិម និងកសិផលសំខាន់ៗ (ដូចជា អង្ករ កៅស៊ូ ស្វាយចន្ទី ដំឡូងមី និងចេក)។

សម្រាប់ទំនិញនាំចូលវិញ មានដូចជាវត្ថុធាតុដើមវាយនភណ្ឌ ប្រេងឥន្ធនៈ គ្រឿងចក្រឧស្សាហកម្ម និងកសិកម្ម យានយន្ត គ្រឿងអេឡិចត្រូនិក ឱសថ និងគ្រឿងឧបភោគបរិភោគ៕