សម្តេចតេជោ ផ្តល់ដំបូន្មានដល់យុវជន ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ រក្សាក្តីថ្លៃថ្នូរជាខ្មែរ កុំឆ្មើងឆ្មៃ
26-11-2026 21:24
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់ដំបូន្មានដល់យុវជនខ្មែរ ដែលជាប់ឈ្មោះចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ ត្រូវប្រកាន់ឥរិយាបថថ្លៃថ្នូរជាខ្មែរ ជាពិសេសមិនត្រូវឆ្មើងឆ្មៃនោះឡើយ។
នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ និងប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៥០ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្តីរីករាយជាថ្មីក្នុងការជួបជាមួយប្រតិភូយុវជននាពេលនេះ។ សម្ដេចតេជោ បានរំលឹកអំពីអតីតកាលនៅពេលសម្ដេចធ្វើជានាយករដ្ឋមន្ត្រី សម្ដេច ក៏តែងតែជួបជាមួយប្រតិភូយុវជនកម្ពុជាហើយមកដល់ពេលនេះ សម្ដេចក៏ទទួលជួបប្រតិភូយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ាន-ជប៉ុន។
សម្ដេចតេជោ បានក្រើនរំលេចបន្ថែម ក៏ដូចជាការផ្តល់ដំបូន្មានមួយចំនួនទៀត ទៅកាន់យុវជនទាំងអស់ ដែលមានឱកាសក្នុងការចូលរួមកម្មវិធីនោះ ជាតំណាងឱ្យប្រជាជន១៨លាននាក់ ដូច្នេះត្រូវប្រយ័ត្នប្រយែង និងត្រូវបញ្ចេញសមត្ថភាពរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរតំណាងឱ្យប្រជាជន ១៨លាននាក់នៅលើឆាកអន្តរជាតិ។ បន្ថែមពីលើនេះ ត្រូវប្រកាន់នូវឥរិយាបថថ្លៃថ្នូរក្នុងនាមជាខ្មែរ និងមិនត្រូវឆ្មើងឆ្មៃនោះទេ។
ផ្ទុយទៅវិញត្រូវបង្ហាញសមត្ថភាព និងសក្ដានុពលយុវជនខ្មែរទៅកាន់បណ្ដាប្រទេសនានា ឱ្យបានល្អ ដើម្បីលើកកិត្យានុភាពជាតិ។ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យក្រុមប្រតិភូយុវជនទាំងអស់បានទទួលបានជោគជ័យក្នុងបេសកកម្មមួយនេះ៕




















