FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលស្រុកត្រពាំងប្រាសាទ បង្ក្រាបករណីគ្រឿងញៀន ២គោលដៅផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដកហូតថ្នាំញៀនជាច្រើនកញ្ចប់

26-11-2026 21:03

(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំនួន ២គោលដៅផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ព្រមទាំងដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ១២កញ្ចប់ និងសម្ភារៈពាក់ព័ន្ធមួយចំនួន។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ស៊ឹម វណ្ណៈ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន។

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានដឹកនាំកម្លាំងផែនប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះបង្ក្រាបគោលដៅទី១ ស្ថិតនៅភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហ៊ន សុភាព ហៅអៀប ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ ដោយដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៥កញ្ចប់តូច និងទូរសព្ទដៃ១គ្រឿង។

ដោយឡែក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៤៖២៣នាទី លោកវរសេនីយ៍ទោ ជ័យ វាសនា បានដឹកនាំកម្លាំងសមត្ថកិច្ចបន្តប្រតិបត្តិការបង្ក្រាបគោលដៅទី២ ស្ថិតនៅភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន៖

ទី១៖ ឈ្មោះ ព្រុំ ប៊ុនដេត ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៣កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ និង២កញ្ចប់តូច ទូរសព្ទដៃ១គ្រឿង ព្រមទាំងសម្ភារៈវេចខ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ទី២៖ ឈ្មោះ សៀម ហ៊ាង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៤កញ្ចប់ធំ ទូរសព្ទដៃ១គ្រឿង ព្រមទាំងសម្ភារៈវេចខ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕