ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង ៥១ម៉ឺននាក់ នៅក្នុងឱកាសបុណ្យអុំទូក ឆ្នាំ២០២៦
26-11-2026 21:00
(សៀមរាប)៖ ក្នុងរយៈពេល ០៦ថ្ងៃ ដោយចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន ៥១០,១៩៤នាក់ នៅក្នុងឱកាសបុណ្យអុំទូក ឆ្នាំ២០២៦, ក្នុងនោះដែរភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋចំនួន ៤៨៧,៤១០នាក់ និងភ្ញៀវទេសចរបរទេសចំនួន ២២,៧៨៤នាក់។
កត្តាសំខាន់ៗដែលរួមចំណែកដល់កំណើនភ្ញៀវទេសចរក្នុងឱកាសបុណ្យអុំទូក ឆ្នាំ២០២៦នេះ រួមមាន៖ ការរៀបចំពិធីប្រណាំងទូក និងកម្មវិធីកម្សាន្តប្រកបដោយភាពទាក់ទាញ និងសម្បូរបែប, ការមិនមានកម្មវិធីប្រណាំងទូកនៅរាជធានីភ្នំពេញ ដែលជាកត្តាជំរុញចលនាទេសចរមកកាន់ខេត្តសៀមរាប ព្រមទាំងការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្នុងការរៀបចំសោភ័ណភាពក្រុង និងការតុបតែងលម្អភ្លើងពណ៌ផងដែរ។
ដោយឡែកការផ្សព្វផ្សាយព្រឹត្តិការណ៍ និងផលិតផលទេសចរណ៍បានយ៉ាងទូលំទូលាយ និងភាពសម្បូរបែបនៃផលិតផល និងសេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាប, ការអភិវឌ្ឍ និងការលេចចេញនូវគោលដៅទេសចរណ៍ថ្មីៗ ដែលបង្កើនជម្រើស និងបទពិសោធន៍កម្សាន្តសម្រាប់ភ្ញៀវទេសចរ (ប្រាសាទមេបុណ្យខាងលិច), ភាពទាក់ទាញនៃទេសភាព និងប្លង់ថតរូបស្អាតៗ ប្លែកៗនៅតាមប្រាសាទនានាក្នុងតំបន់អង្គរ ដែលបានចែករំលែកផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមបណ្តាញសង្គម។
ជាមួយនេះដែរ ការធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងអនាម័យបរិស្ថាន, ការចូលរួមរបស់វិស័យឯកជន ក្នុងការត្រៀមលក្ខណៈទទួលភ្ញៀវ និងផ្តល់សេវាកម្មទេសចរណ៍, ការឈប់សម្រាករយៈពេលច្រើនថ្ងៃ និងលក្ខខណ្ឌអាកាសធាតុអំណោយផលដល់ការធ្វើដំណើរកម្សាន្ត និងការកើនឡើងនៃចលនាទេសចរណ៍ផ្ទៃក្នុង និងការចូលរួមយ៉ាងផុសផុលរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕









