សម្ដេចមហារដ្ឋសភា ឃួន សុដារី ទទួលជួបជាមួយអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន
26-11-2026 20:43
(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលជួបសវនាការជាមួយ លោកស្រី Tie Ning អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន។
នាឱកាសនោះ ភាគីទាំងពីរ បានលើកឡើងពីចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ ដែលមានភាពរឹងមាំខ្លាំងទោះបីជាមានការប្រែប្រួលស្ថានការណ៍តំបន់ ឬពិភពលោកយ៉ាងណាក៏ដោយ ក៏ទំនាក់ទំនងមិត្តភាពដែកថែបកម្ពុជា-ចិន គឺមិនប្រែប្រួលហើយនៅបន្តពង្រឹងតទៅមុខទៀតពីជំនាន់មួយទៅជំនាន់មួយ។
ភាគីទាំងពីរ បានវាយតម្លៃលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសទាំងពីរ កម្ពុជា-ចិន។ ក្នុងនោះ លោកស្រី Tie Ning បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ក៏ដូចជាការថែរក្សាបាននូវស្ថិរភាព វិបុលភាពនៅប្រទេសកម្ពុជា។
សម្ដេចមហារដ្ឋសភា ក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសចិន ហើយសម្ដេចបានជូនពរប្រទេសចិនអាចសម្រេចបាននូវគោលដៅអភិវឌ្ឍ ១០០ឆ្នាំលើកទី២ នៅឆ្នាំ២៤៤៩។
សម្ដេច បាបចូលរួមអបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំសេដ្ឋកិច្ច APEC នៅទីក្រុងស៊ីនជីននាពេលថ្មីៗនេះ ដែលជាសមិទ្ធផលមួយដ៏ត្រចះត្រចង់របស់ប្រទេសចិន។ កម្ពុជាក៏វាយតម្លៃខ្ពស់អំពីតួនាទីរបស់ចិននៅលើការតាក់តែងនូវសណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយ ដែលមានភាពយុត្តិធម៌ បរិយាប័ន្ននេះគឺជាអ្វីដែលប្រទេសកម្ពុជាមានការជឿទុកចិត្តជឿជាក់ទៅលើតួនាទីដ៏សំខាន់របស់ប្រទេសចិន នៅក្នុងបរិបទពិភពលោកកំពុងតែវិវត្តយ៉ាងលឿន និងមិនប្រាកដជា។
ពាក់ព័ន្ធនឹងការកសាងសហគមន៍ជោគវាសនារួមគ្រប់រដូវកាលក្នុងដំណាក់កាលថ្មី ជាទស្សនវិស័យរួមរវាងកម្ពុជានិងចិន គឺធ្វើយ៉ាងណាដើម្បីយើងសម្រេចបាននូវសហគមន៍ជោគវាសនារួមគ្រប់រដូវកាលនេះ ដូចជាគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ ច្រករបៀងត្រីនិងអង្ករច្រករបៀងបច្ចេកវិទ្យាឧស្សាហកម្ម ការផ្សារភ្ជាប់យុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជាជាមួយនឹងយន្តការផ្សេងៗរបស់ចិន ជាពិសេសទាក់ទងនឹងខ្សែក្រវ៉ាត់និងផ្លូវ ដើម្បីអាចសម្រេចបាននូវសហគមន៍ជោគវាសនារួម។
សម្ដេច ឃួន សុដារី ក៏បានលើកពីសារៈសំខាន់នៃកិច្ចប្រជុំ ៣+៣ ពោលគឺកិច្ចប្រជុំរវាងក្រសួងបីក្រសួងការបរទេស ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលនឹងរៀបចំនៅឆ្នាំ២០២៧ ជាយន្តការមួយសំខាន់ដើម្បីជំរុញនូវការអនុវត្តជាក់ស្ដែងទៅលើគោលនយោបាយ ក៏ដូចជាការសម្រេចចិត្តនយោបាយរវាងរដ្ឋាភិបាលទាំងពីរ។
ជាថ្មីម្ដងទៀត ភាគីទាំងពីរ ក៏បានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ ដើម្បីពង្រឹងបន្ថែមនូវកិច្ចសម្របសម្រួលលើផ្នែកសភា ពីព្រោះរដ្ឋសភាជាតួអង្អសំខាន់ ក្នុងការជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ៕









