FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិភាគអន្តរជាតិ៖ អ្វីទៅជាហេតុផលនៅពីក្រោយផែនការពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ?

26-11-2026 20:36

(វ៉ាស៊ីនតោន)៖ ក្នុងរយៈពេល​ ៦ខែដំបូងនៃអាណត្តិទី២ របស់លោកក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានយកពន្ធគយធ្វើជាស្នូលមួយនៃគោលនយោបាយសេដ្ឋកិច្ចរបស់លោក។ នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណតិ្តកាលពីដើមខែវិច្ឆិកាកន្លងទៅនេះ ដែលគណបក្សសាធាណរដ្ឋរបស់លោកបានបាត់បង់ការគ្រប់គ្រងទាំងរដ្ឋសភា និងព្រឹទ្ធសភា ទៅឱ្យគណបក្សប្រជាធិបតេយ្យ ការស្ទង់មតិបានបង្ហាញពីការមិនពេញចិត្តរបស់អ្នកបោះឆ្នោតអាមេរិកចំពោះនយោបាយពន្ធគយរបស់លោក ត្រាំ។ ដ្បិតការដំឡើងពន្ធគយបានធ្វើឱ្យទំនិញមួយចំនួនឡើងថ្លៃប៉ះពាល់ដល់ការចំណាយចាយវាយប្រចាំថ្ងៃរបស់ប្រជាជនអាមេរិក។ តែទោះជាបែបនេះក្ដី លោក ត្រាំ នៅតែមានគម្រោងពង្រីកការយកពន្ធ។

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលលោក ត្រាំ បានប្រកាសពីផែនការយកពន្ធថ្មីលើទំនិញនាំចូលពីចិន សហភាពអឺរ៉ុប កោះតៃវ៉ាន់ និងប្រទេសចំនួន ១១ផ្សេងទៀត ជាការឆ្លើយតបទៅនឹងអ្វីក្រុមមន្ត្រីអាមេរិកហៅថា «ការលើសសមត្ថភាពផលិតកម្មឧស្សាហកម្ម និងការអនុវត្ត គោលនយោបាយទីផ្សារមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់ឧស្សាកម្មអាមេរិក»។ ការដំឡើងពន្ធគយជាធម្មតានឹងធ្វើឱ្យទំនិញនាំចូលឡើងថ្លៃ។ ប៉ុន្តែ លោក ត្រាំ មើលឃើញថាពន្ធគយជាមធ្យោបាយមួយដែលលោកអាចប្រើប្រាស់ដើម្បីទាញយកសម្បទានពីបណ្ដាមេដឹកនាំបរទេស បង្ខំឱ្យក្រុមហ៊ុនអាមេរិកសង់រោងចក្របន្ថែមនៅក្នុងសហរដ្ឋអាមេរិក បង្កើនចំណូលសម្រាប់រដ្ឋាភិបាលអាមេរិក និងទាក់ទាញការគាំទ្រពីប្រជាជនដែលជាអ្នកធ្វើការ ឬកម្មករ។ នេះបើតាមក្រុមមន្ត្រីអាមេរិក និងមនុស្សដែលបានដឹងពីការគិតគូររបស់លោក ត្រាំ។

អ្នកទាំងនោះបានឱ្យដឹងទៀតថានៅបន្ទាប់ពីការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ការបាត់បង់ការគ្រប់គ្រងសភាទាំង២របស់សហរដ្ឋអាមេរិក នៃគណបក្សសាធារណរដ្ឋ អាចនឹងជះឥទ្ធិពលលើរបៀបវារៈនយោបាយក្នុងស្រុក។ ដូច្នេះលោក ត្រាំ ចង់បង្ហាញទៅកាន់ពិភពលោកថារូបលោកនៅតែមានសមត្ថភាពកាច់ចង្កូចនយោបាយសេដ្ឋកិច្ច ហើយនៅតែអាចអនុវត្តអំណាច បើទោះជាសភាទាំង២ធ្លាក់នៅក្នុងដៃគណបក្សប្រជាធិបតេយ្យក៏ដោយ។

គម្រោងដំឡើងពន្ធថ្មីចុងក្រោយបំផុតរបស់រដ្ឋបាលលោក ត្រាំ ត្រូវបានរំពឹងថានឹងដុតបញ្ជេះភាពតានតឹងពាណិជ្ជកម្មជាមួយចិន ដែលបានក្លាយជាគោលដៅចម្បងមួយរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការរៀបចំសណ្ដាប់ធ្នាប់ពិភពលោកឡើងវិញ តាមរយៈការដាក់ពិន័យលើចិនដែលត្រូវបានគេចាត់ទុកថាជារោងចក្ររបស់ពិភពលោក តាមរយៈការដាក់សម្ពាធលើបណ្ដាប្រទេសទី៣។ ក្រុមអ្នកជំនាញយល់ថាពន្ធថ្មីមើលទៅមិនបានបំពានលើបទឈប់បាញ់ក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយចិនឡើយ។ តែវាបានផ្ដល់ជម្រើសបន្ថែមឱ្យសហរដ្ឋអាមេរិក និងផ្លូវក្រោយ នៅមុនកិច្ចប្រជុំកំពូលលើកទី៤ ក្នុងឆ្នាំនេះរវាងលោក ត្រាំ និងប្រធានាធិបតីចិន ស៊ី ជីនពីង នៅឯកិច្ចប្រជុំ G20 ក្នុងទីក្រុង Miami នៅខែក្រោយនេះ និងខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំង២នឹងផុតសុពលភាព នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៧។ «ប្រសិនបើសង្រ្គាមពាណិជ្ជកម្មផ្ទុះឡើងវិញ វិធានការចុងក្រោយបំផុតនេះនឹងផ្ដល់ឱ្យសហរដ្ឋអាមេរិកនូវជម្រើសមួយចំនួនទុករួចជាស្រេច»។ នេះជាការយល់ឃើញរបស់លោក Mark Williams ជាប្រមុខសេដ្ឋកិច្ចអាស៊ីមកពីស្ថាប័ន Capital Economics។

លោកបន្ថែមថាការដាក់សម្ពាធលើចិនតាមរយៈប្រទេសទី៣ បានឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែងនាពេលកន្លងមកក្នុងអាណត្តិទី២ របស់រដ្ឋបាលលោក ត្រាំ ដើម្បីប្រើប្រាស់អំណាចសេដ្ឋកិច្ចបង្ខំឱ្យបណ្ដាប្រទេសដទៃពង្រឹងវិធានការពារពាណិជ្ជកម្ម និងកាត់បន្ថយការពឹងផ្អែកលើចិន។

* អ្វីទៅជាផែនការយកពន្ធថ្មីដែលរដ្ឋបាលលោក ត្រាំបានប្រកាស?

នៅក្រោមផែនការថ្មីដែលនឹងត្រូវឆ្លងកាត់ការជជែកដេញដោលជាសាធារណៈ ហើយអាចនឹងមានការផ្លាស់ប្ដូរ ឬមានកិច្ចចរចាបន្ថែម អត្រាពន្ធលើទំនិញនាំចូលពីចិននឹងត្រូវដំឡើងដល់ ២០ភាគរយ ហើយអត្រាពន្ធ ២០ភាគរយនឹងត្រូវអនុវត្តដូចគ្នាលើទំនិញនាំចូលពីវៀតណាម ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកត្រូវបានបង្ហើយ។ បង់ក្លាដែស កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃនឹងប្រឈមនឹងពន្ធ ១៨ភាគរយ ខណៈឥណ្ឌានឹងប្រឈមនឹងពន្ធ ១៧ភាគរយ ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកត្រូវបានបង្ហើយ។

ចំណែក ទំនិញនាំចូលពីសហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង ស្វ៉ីស និងកោះតៃវ៉ាន់អាចត្រូវយកពន្ធ ១៥ភាគរយ ស្របពេលសិង្ហបុរីអាចនឹងជាប់ពន្ធ១០ភាគរយ។ ក្រុមមន្ត្រីអាមេរិកបាននិយាយថាអត្រាពន្ធនេះអាចនឹងត្រូវបានដំឡើងកាន់តែខ្ពស់ជាងនេះ ក្នុងករណីទំនាក់ទំនងពាណិជ្ជកម្មមានភាពល្អក់កករ។ បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ពន្ធថ្មីនឹងមិនបូកបន្ថែមលើពន្ធគយដែលមានស្រាប់ ១០ភាគរយ ឬ១២,៥ភាគរយដែលរដ្ឋបាលលោក ត្រាំបានប្រកាសអនុវត្តលើទំនិញនាំចូលពីប្រទេសជាង ៦០ កាលពីខែកក្កដាកន្លងទៅនោះទេ។ វ៉ាស៉ីនតោននៅពេលនោះ បានចោទថាបណ្ដាប្រទេសទាំងនោះបានបរាជ័យក្នុងការអនុវត្តបម្រាមទំនិញបរទេសដែលត្រូវបានផលិតឡើងដោយការប្រើកម្លាំងពលកម្មដោយការបង្ខិតបង្ខំ និងការប្រកួតប្រជែងមិនមានភាពយុត្តិធម៌។ មន្ត្រីដដែលបបន្តថាទំនិញមួយចំនួនអាចនឹងទទួលបានការលើកលែងពន្ធ ក្នុងនោះរួមមានប្រេង និងឧស្ម័ន ព្រមទាំងផលិតផលចំណីអាហារដែលមិនអាចផលិតបាននៅក្នុងសហរដ្ឋអាមេរិក ហើយពន្ធថ្មីអាចនឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២៧។

* អ្វីទៅជាមូលដ្ឋាននៃពន្ធថ្មី?
នៅពេលតុលាការកំពូលអាមេរិកសម្រេចមោឃៈភាពវិធានការដំឡើងពន្ធគយ លោក ត្រាំ បានប្រើប្រាស់សិទ្ធិអំណាចពិសេសនៅក្រោមផ្នែក ១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដើម្បីយកពន្ធ ១០ភាគរយ។ ការយកពន្ធរបៀបនេះមានពេលវេលាកំណត់ និងបានផុតសុពលភាពកាលពីថ្ងៃទី២៤ ខែកក្កដា។ ចាប់តាំងពីពេលនោះ លោក ត្រាំ បានងាកទៅប្រើប្រាស់ផ្នែក ៣០១ នៃច្បាប់ដដែលដើម្បីបន្តអនុវត្តការយកពន្ធ។

ផ្នែក ៣០១ បានអនុញ្ញាតឱ្យតំណាងពាណិជ្ជក​ម្មសហរដ្ឋអាមេរិក នៅក្រោមបញ្ជាពីប្រធានាធិបតី អាចអនុវត្តវិធានការយកពន្ធជាការឆ្លើយតបទៅនឹងវិធានការពន្ធរបស់បណ្ដាប្រទេសដទៃ ដែលត្រូវបានចាត់ទុកថាមានលក្ខណៈរើសអើងចំពោះក្រុមហ៊ុនអាមេរិក ឬក៏បំពានសិទ្ធិរបស់សហរដ្ឋអាមេរិកនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ។ នៅទីនេះ វាមិនមាននោះទេការកំណត់ពិដានពន្ធដែលអាចនឹងត្រូវបានដាក់ចេញ ហើយមុនដាក់ចេញពន្ធ តំណាងពាណិជ្ជកម្មអាមេរិកត្រូវបើកការស៊ើបអង្កេតជាមុនសិន។ ជាក់ស្ដែង កាលពីថ្ងៃទី២ ខែមិថុនា USTR បានប្រកាសពីការយកពន្ធដោយផ្អែកលើលទ្ធផលនៃការស៊ើបអង្កេត ដែលបានរកឃើញថាដៃគូពាណិជ្ជកម្មមួយចំនួនបានបរាជ័យក្នុងការអនុវត្តបម្រាមលើទំនិញបរទេសដែលត្រូវបានផលិតដោយការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។

* តើពន្ធរបស់លោក ត្រាំ ជះឥទ្ធិពលលើប្រជាជនអាមេរិក និងសេដ្ឋកិច្ចអាមេរិកដោយរបៀបណា?
ការសិក្សាធ្វើឡើងដោយធនាគារសហព័ន្ធនៃទីក្រុងញូវយ៉ក និងក្រុមអ្នកស្រាវជ្រាវជាច្រើនទៀត បានរកឃើញថាពន្ធគយបានធ្វើ​ឱ្យទំនិញមួយចំនួនឡើងថ្លៃដែលនេះបានធ្វើឱ្យប៉ះពាល់ដល់ការចំណាយចាយវាយប្រចាំថ្ងៃ និងផលអវិជ្ជខ្លះមានដល់សេដ្ឋកិច្ច។ ប៉ុន្តែក្រុមអ្នកសេដ្ឋកិច្ចខ្លះទៀត បាននិយាយថាផលប៉ះពាល់ពីការយកពន្ធរបស់លោក ត្រាំ មានទំហំតូចជាងការរំពឹងទុករបស់ពួកគេ ជាពិសេសបន្ទាប់ពីតុលាការកំពូលអាមេរិកលុបចោលពន្ធមួយផ្នែកធំរបស់លោក ត្រាំកាលពីខែកុម្ភៈ ហើយការសងសំណងត្រូវបានអនុវត្ត។ មជ្ឈមណ្ឌល Budget Lab នៃសាកលវិទ្យាល័យ Yale កាលពីដើមខែវិច្ឆិកានេះ បានវាយតម្លៃថាពន្ធរបស់លោក ត្រាំ នឹងធ្វើឱ្យប្រជាជនអាមេរិកមួយគ្រួសារត្រូវចំណាយប្រចាំឆ្នាំបន្ថែម ៩០០ដុល្លារ ដោយសារតែទំនិញឡើងថ្លៃ។

* ពន្ធជះឥទ្ធិពលដល់ការបោះឆ្នោតពាកកណ្ដាលអាណត្តិដូចម្ដេច?
គណបក្សប្រជាធិបតេយ្យបានទទួលជ័យជម្នះក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិកាលពីដើមខែវិច្ឆិកា ដោយនឹងត្រូវឡើងគ្រប់គ្រងទាំងរដ្ឋសភា និងព្រឹទ្ធសភាពរបស់សហរដ្ឋអាមេរិក។ ជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យ មានមួយផ្នែកត្រូវបានគេមើលឃើញថាដោយសារតែ ការខឹងសម្បាររបស់ប្រជាជនអាមេរិកជុំវិញការកើនឡើងការចំណាយប្រចាំថ្ងៃ និងការថយចុះអំណាចទិញដែលបណ្ដាលមកពីការឡើងថ្លៃប្រេងឥន្ធនៈ គ្រឿងឧបភោគបរិភោគ និងទំនិញសំខាន់ៗផ្សេងទៀតបង្កឡើងដោយសង្រ្គាមអ៉ីរ៉ង់ និងពន្ធគយរបស់លោក ត្រាំ។ ឧស្សាហកម្មអាមេរិកពិតជាមានសញ្ញាល្អប្រសើរពិតមែន ហើយលោក ត្រាំតែងតែអះអាងជារឿយៗថាការវិនិយោគបានហូរចូលសហរដ្ឋអាមេរិកដូចទឹកបាកទំនប់ ដោយសារក្រុមហ៊ុនជាច្រើនចង់គេចពីពន្ធគយរបស់លោក។ ប៉ុន្តែក្រុមអ្នករិះគន់បាននិយាយថាការវិនិយោគជាច្រើនកំពុងស្ថិតក្នុងគម្រោង ប៉ុណ្ណោះ ហើយមួយចំនួនបានដំណើរការរួចទៅហើយ រីឯតួលេខក៏មិនដល់កម្រិតដែលលោក ត្រាំបានអួតនោះដែរ។

* តើបក្សប្រជាធិបតេយ្យនឹងដឹកនាំការផ្លាស់ប្ដូរនៅក្នុងគោលនយោបាយពន្ធឬ?
គណបក្សប្រជាធិបតេយ្យនឹងត្រូវឡើងគ្រប់គ្រងសភាទាំង២របស់សហរដ្ឋអាមេរិកនៅខែមករា ឆ្នាំក្រោយ។ បក្សប្រជាធិបតេយ្យបានសន្យាថាពួកគេនឹងបន្ធូរបន្ថយពន្ធគយរបស់លោក ត្រាំ។ ប៉ុន្តែវាមិនច្បាស់នោះទេថាតើពួកគេមានសមត្ថភាពដើម្បីធ្វើឱ្យកិច្ចការនេះបានសម្រេចដែរឬក៏យ៉ាងណា? រឿងដ៏សំខាន់មួយ គឺគណបក្សប្រជាធិបតេយ្យខ្លួនឯងមិនមានចំណុចរួម ឬឯកភាពគ្នាថាតើពន្ធគយប្រភេទណាត្រូវលុបចោលនោះទេ? បន្ថែមពីលើនេះ សេចក្ដីព្រាងច្បាប់ណាមួយដែលមានគោលដៅរឹតត្បិតលើអំណាចពន្ធរបស់របស់លោក ត្រាំ នឹងតម្រូវឱ្យមានការគាំទ្រក្នុងសំឡេង ២ភាគ៣ ពីអ្នកតំណាងរាស្ត្រទាំងនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីអាចយកឈ្នះលើអំណាចវេតូរបស់ប្រធានាធិបតី៕