FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

26-11-2026 19:28

(ប៉ៃលិន)៖ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ស្ថិតក្រោមអធិបតីភាព លោក អ៊ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ដើម្បីធ្វើការដោះស្រាយទុក្ខកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងស្រុកសាលាក្រៅ និងក្រុងប៉ៃលិន។

កិច្ចប្រជុំនេះក៍មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី រដ្ឋលេខាធិការ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងប្រធានក្រុមការងារចុះមូលដ្ឋានក្រុង/ស្រុកទាំង២ លោក លោកស្រី ជាសមាជិក ក្រុមការងារចុះមូលដ្ឋានខេត្ត និងប្រតិភូអមដំណើរ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត, លោកមេបញ្ជាការកងកម្លាំងទាំង៣, គណៈអភិបាល ក្រុង/ស្រុក, មេឃុំចៅសង្កាត់ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនៅទូទាំងខេត្ត ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានលើកឡើង អំពីលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្ដ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសម្រេចបាន ជាពិសេសក្រោមការដឹកនាំរបស់ដ៏ត្រឹមត្រូវរបស់សម្តេចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងផ្អែកលើផែនការអភិវឌ្ឍន៍ខេត្ត, កម្មវិធីវិនិយោគបីឆ្នាំរំកិល និងគម្រោងអភិវឌ្ឍខេត្តប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត ដោយមានការចូលរួមចំណែក និងគាំទ្រពីក្រសួង ស្ថាប័ន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដៃគូអភវឌ្ឍន៍ សប្បុរសជន ការចូលរួមពីមន្ទីរ-អង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ និងប្រជាពលរដ្ឋក្នុងខេត្ត ដែលធ្វើឱ្យមានការអភិវឌ្ឍរីកចំរើន និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាបន្តបន្ទប់។

លោកប្រធានក្រុមការងារ បានឱ្យដឹងថា៖ ការធ្វើវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានព្ចោញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និងតំរូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសម្ថតកិច្ច ដោះស្រាយ និងឆ្លើយតបរាល់តំរូវការ សំណូមពរ ដែលបានលើកឡើង ចំគោលដៅទាន់ពេលវេលា ក្នុងការកែលំអសហគមន៍របស់ពួកគាត់ ឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរួមរបស់ ប្រជាពលរដ្ឋ លើការអភិវឌ្ឍនៅតាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងគោលការណ៍នៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

លោក អ៊ី ឈាន បានថ្លែងនូវការកោតសសើរចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តទាំងអស់ និងអាជ្ញាធរខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ដែលបានខិតខំយកអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសើរនៅក្នុងមូលដ្ឋាន ដោយបានសហការគ្នា សំដៅបំពេញការងារបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព ព្រមទាំងចូលរួមដោះស្រាយ ឆ្លើយតប បញ្ហាប្រឈម សំណើ និងសំណូមពរនានានៅមូលដ្ឋាន ជាពិសេសពាក់ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា៖ ការធ្វើវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត នាឱកាសនោះ បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា បានលើកឡើងនូវសំណួរ និងសំណូមពរ សរុបចំនួន ៦២ករណី ក្នុងនោះសំណូមពរផ្ទាល់មាត់មានចំនួន ១៧ករណី និងសំណូមពរ ជាលាយលក្ខណ៍អក្សរ (សម្រងសំណួរ) មានចំនួន ៣៥ករណី ដោយឆ្លើយតបដោះស្រាយភ្លាមៗក្នុងអង្គវេទិការចំនួន ៤៨ករណី និងនៅសល់ចំនួន ១៤ករណី នឹងធ្វើការដោះស្រាយបន្ត៕