FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យសំណង់ឆ្នាំ២០២៦

26-11-2026 17:15

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យសំណង់ឆ្នាំ២០២៦។

សិក្ខាសាលាផ្សព្វផ្សាយស្ដីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យសំណង់ឆ្នាំ២០២៦ នាពេលនេះ ជាចន្លុះបង្ហាញផ្លូវលើវិស័យសំណង់ ក្នុងការចូលរួមកសាងខឿនសេដ្ឋកិច្ចកម្ពុជា តាមរយៈការរៀបចំលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក បង្កើតការងារដល់ប្រជាជន និងធ្វើឱ្យពួកគាត់មានជីវភាពប្រសើរឡើង ដោយផ្តោតលើ៖

*លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់ ដែលផ្តល់ជីវិតឱ្យឧស្សាហកម្មសំណង់

*ប្រភេទនៃសំណង់ (ចំនួនផ្ទះ និងប្រភេទផ្ទះ) ផ្អែកលើទំហំសេដ្ឋកិច្ចជាក់ស្តែង

*ធ្វើឱ្យឧស្សាហកម្មសំណង់រស់រានទៅមុខ និងលើកកម្ពស់ស្ថាបត្យកម្មខ្មែរសហសម័យ ដោយផ្តោតលើគុណភាព សុវត្ថិភាព និងសោភណភាព ព្រមទាំងគិតគូរពីអ្នកវិជ្ជាជីវៈ និងអ្នកប្រកបរបរក្នុងវិស័យសំណង់

*គិតគូរលើឧស្សាហកម្មគ្រឿងបង្គុំសំណង់ គ្រឿងសង្ហារឹម និងគ្រឿងតុបតែងលម្អ ជាដើម ដែលជាប្រភពចំណូលជាតិបន្ថែមទៀត។

សូមគូសបញ្ជាក់ថា ក្នុងសិក្ខាសាលានាពេលនេះ បានផ្សព្វផ្សាយពីលិខិតបទដ្ឋានគតិយុត្ដសំខាន់ៗពាក់ព័ន្ធនឹងវិស័យសំណង់មានដូចជា អនុក្រឹត្យស្ដីពីលិខិតអនុញ្ញាតសាងសង់ និងគោលការណ៍ណែនាំចំនួន ៤ ដែលដាក់ចេញឱ្យប្រើប្រាស់តាមរយៈប្រកាស ដោយក្នុងនោះរួមមាន៖

*អនុក្រឹត្យស្ដីពីលិខិតអនុញ្ញាតសាងសង់ និងបែបបទនិងបរិបទនៃការផ្ដល់លិខិតអនុញ្ញាតសាងសង់

*ប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ «គោលការណ៍ណែនាំស្ដីពីវីធីសាស្រ្ដក្នុងការគ្រប់គ្រង និងការធានាគុណភាពសំណង់»

*ប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ «គោលការណ៍ណែនាំស្ដីពីបច្ចេកទេសនៃការប្រើប្រាស់រន្ទា និងសំណាញ់ដោយសុវត្ថិភាពនៅក្នុងការដ្ឋានសំណង់»

*ប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ «គោលការណ៍ណែនាំស្ដីពីវីធីសាស្រ្ដនៃការងារជីកដី និងការងារខួងគ្រឹះជ្រៅ»

*ប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ «គោលការណ៍ណែនាំស្ដីពីវិធីសាស្រ្ដអនុវត្តការងាររុះរើសំណង់»៕