FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាលជំរុញយុទ្ធនាការ «យុវជនម្នាក់ លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ដើម្បីកសាងមូលធនមនុស្សប្រកបដោយវិន័យ និងសុខភាពល្អ (Video inside)

26-11-2026 16:44

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តជំរុញការអនុវត្តគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា តាមរយៈយុទ្ធនាការ «យុវជនម្នាក់ លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ដើម្បីបណ្តុះទម្លាប់លេងកីឡាជាប្រចាំ និងកសាងមូលធនមនុស្សប្រកបដោយសុខភាពល្អ វិន័យ និងការទទួលខុសត្រូវខ្ពស់ ស្របតាមទិសដៅនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ការបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់វិស័យកីឡា និងយុវជននេះ ត្រូវបានធ្វើឡើងដោយ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីបើកការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៦ ឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការលើកស្ទួយវិស័យអប់រំកាយ និងកីឡា គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស ដែលជាអាទិភាពគន្លឹះទី១ របស់រាជរដ្ឋាភិបាល។ ដើម្បីពង្រីកឱកាសឱ្យប្រជាពលរដ្ឋគ្រប់រូបបានចូលរួមលេងកីឡាយ៉ាងទូលំទូលាយ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាក់ស្តែងជាច្រើន រួមមាន៖ ការពង្រឹងមុខវិជ្ជាអប់រំកាយ និងកីឡានៅតាមសាលារៀន ការបណ្តុះបណ្តាលគ្រូអប់រំកាយ និងការរៀបចំទីលានកីឡា កន្លែងហាត់ប្រាណនៅតាមសហគមន៍។

លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា តាមរយៈយុទ្ធនាការ «យុវជនម្នាក់ លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» រាជរដ្ឋាភិបាលចង់ឃើញយុវជនកម្ពុជាអាចជ្រើសរើសប្រភេទកីឡាដែលខ្លួនចូលចិត្ត និងមានឱកាសលេងបានជាប្រចាំ។ លើសពីនេះ ការពង្រីកឱកាសកីឡានេះ ក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍកីឡាសម្រាប់ជនមានពិការភាព និងផ្តល់ឱកាសឱ្យពួកគេចូលរួមដឹកនាំក្នុងវិស័យកីឡាផងដែរ ប្រកបដោយបរិយាប័ន្ន។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំឭកឡើងវិញនូវពាក្យស្លោកដ៏មានអត្ថន័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលើកឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា «កីឡាសាងមនុស្ស មនុស្សសាងសង្គម»។ លោកបានពន្យល់ថា តាមរយៈការហ្វឹកហាត់ និងការចូលរួមប្រកួតកីឡា យុវជនមិនត្រឹមតែទទួលបានសុខភាពកាយសម្បទារឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀនសូត្រពីវិន័យ ចេះគោរពគ្នាទៅវិញទៅមក និងចេះទទួលខុសត្រូវចំពោះក្រុមរបស់ខ្លួន ដែលជាគុណតម្លៃស្នូលសម្រាប់ការកសាងសង្គមជាតិ។

ចំពោះកីឡាករកម្រិតខ្ពស់វិញ រាជរដ្ឋាភិបាលក៏បន្តពង្រឹងតួនាទីសហព័ន្ធកីឡា គាំទ្រការបណ្តុះបណ្តាលគ្រូបង្វឹក និងអភិវឌ្ឍថ្នាលកីឡាករ-កីឡាការិនី ឱ្យមានសមត្ថភាពឈានពីការប្រកួតកម្រិតថ្នាល រហូតដល់ការប្រកួតកម្រិតជាតិ និងអន្តរជាតិ ដើម្បីនាំមកនូវកិត្តិយស និងមោទនភាពជូនប្រទេសជាតិ៕