អភិបាលខេត្តកំពង់ធំ ឧបត្ថម្ភស្បៀងជូនគ្រួសារងាយរងហានិភ័យចំនួន៣៨០គ្រួសារ នៅក្នុងឃុំពាមបាង ស្រុកស្ទោង និងអំពាវនាវពលរដ្ឋក្នុងមូលដ្ឋាន ត្រូវរួបរួមសាមគ្គីសហការគ្នា ដើម្បីជាកម្លាំងស្នូលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
26-11-2026 15:58
(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអំពាវនាវពលរដ្ឋក្នុងមូលដ្ឋាន ត្រូវរួបរួមសាមគ្គីសហការគ្នាដើម្បីជាកម្លាំងស្នូលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លោកអភិបាលខេត្ត បានអំពាវនាវនេះនៅក្នុងឱកាសជួប សំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភស្បៀងដល់គ្រួសារងាយរងហានិភ័យចំនួន ៣៨០គ្រួសារ នៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោកអំពាវនាវពលរដ្ឋក្នុងមូលដ្ឋាន ត្រូវចូលរួមអភិរក្សធនធានធម្មជាតិ មច្ឆជាតិ និងត្រីកម្រ តាមការណែនាំរបស់អាជ្ញាធរ ឬក្រសួងស្ថាប័នមានសមត្ថកិច្ចនានា ដើម្បីជីវភាព និងកូនចៅជំនាន់ក្រោយ ហើយមិនត្រូវធ្វើការនេសាទ ដោយខុសច្បាប់ ឬប្រាសចាកពីការណែនាំរបស់សមត្ថកិច្ចឡើយ។
ទន្ទឹមនឹងនេះ អភិបាលខេត្តកំពង់ធំ បានរំលេចអំពីការបង្កអរិភាព និងឈ្លានពានបូរណភាពទឹកដីសុវណ្ណភាពសុវណ្ណភូមិរបស់យើងពីសំណាក់ទាហានថៃ។ លោកបានកោតសរសើរ និងគាំទ្រពេញទំហឹងអំពីភាពវៃឆ្លាត និងយុទ្ធសាស្ត្ររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានខិតខំតស៊ូ និងជំនះគ្រប់មធ្យោបាយ និងការជួបជុំ ទាំងលក្ខណៈអន្តរជាតិ ឬទៅអង្គការស្ថាប័ននានា និងអង្គការសហប្រជាជាតិ ដើម្បីឱ្យអន្តរជាតិ ក៏ដូចជាពិភពលោកទាំងមូលបានស្គាល់មុខមាត់ពិតរបស់ថៃ ដែលបានរំលោភបំពានទឹកដីកម្ពុជាទាំងកម្រោល និងរំលោភច្បាប់ កិច្ចព្រមព្រៀង កតិកាសញ្ញា អនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិ។
លោកបានអំពាវនាវពលរដ្ឋទាំងអស់ត្រូវមានស្វាមីភ័ក្ដិជាមួយរាជរដ្ឋាភិបាលជាមួយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍ ជាពិសេសបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែ មានភាពល្បីល្បាញថែមទៀត។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង ៣៨០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាននូវអង្ករ១បេ, មី១កេះ, ត្រីខ១យួរ និងទឹកត្រី១យួរផងដែរ៕






















