FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តពន្យារពេលកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្នុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រី

26-11-2026 15:41

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបង្ហោះវីដេអូនៃការពន្យល់របស់បណ្ឌិត ជ័យ តិច អំពីការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បន្ទាប់ពីប្រទេសឡាវបានចាកចេញពីប្រទេស LDC កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

ការចាកចេញពី LDC របស់ប្រទេសឡាវ ត្រូវបានអ្នកនយោបាយមួយចំនួនប្រើប្រាស់ព័ត៌មាននេះវាយប្រហារមកលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ក្រៅតែពីបង្ហោះវីដេអូនេះហើយ សម្ដេចតេជោ ហ៊ុន សែន ក៏បានសរសេរសារឆ្លើយឆ្លងចំពោះអ្នកចូលមកបញ្ចេញមតិផងដែរ។

អ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ Hakleng Lim បានសរសេរមតិចំពោះការបង្ហោះវីដេអូរបស់សម្ដេចតេជោ ហ៊ុន សែន ថា ឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចផ្ដល់អត្ថប្រយោជន៍សំខាន់ៗមួយចំនួន៖

១. អនុគ្រោះពាណិជ្ជកម្មអន្តរជាតិ៖ ទទួលបានការអនុគ្រោះពន្ធនាំចេញទៅកាន់ទីផ្សារប្រទេសអភិវឌ្ឍន៍មួយចំនួន ដូចជា សហភាពអឺរ៉ុប និងប្រទេសដទៃទៀត។
២. ជំនួយអភិវឌ្ឍន៍ (ODA)៖ មានឱកាសទទួលបានជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីប្រទេសអ្នកមាន និងអង្គការអន្តរជាតិ។
៣. ការអនុគ្រោះក្នុងអង្គការ WTO៖ ទទួលបានភាពបត់បែន និងរយៈពេលបន្ថែមក្នុងការអនុវត្តកាតព្វកិច្ចពាណិជ្ជកម្មមួយចំនួន។
៤. ការលើកលែងពន្ធ និងកូតា៖ ទំនិញមួយចំនួនអាចនាំចេញទៅប្រទេសអភិវឌ្ឍន៍ដោយមិនបង់ពន្ធនាំចូល និងមិនជាប់កូតា អាស្រ័យលើកម្មវិធីនីមួយៗ។
៥. ជំនួយបច្ចេកវិទ្យា៖ ទទួលបានការគាំទ្រផ្នែកបច្ចេកវិទ្យា ការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាពធនធានមនុស្ស។
៦. ជំនួយដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ៖ មានឱកាសទទួលបានមូលនិធិ និងជំនួយសម្រាប់ការសម្របខ្លួននឹងបម្រែបម្រួលអាកាសធាតុ។
៧. ការគាំទ្រការវិនិយោគ៖ អាចទទួលបានកម្មវិធីគាំទ្រការវិនិយោគ និងការអភិវឌ្ឍវិស័យឯកជន។

ឆ្លើយតបទៅឈ្មោះ Hakleng Lim វិញ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់មូលហេតុអំពីការសម្រេចចិត្តរបស់សម្ដេច ក្នុងការពន្យារពេលកម្ពុជាចាកចេញពីប្រទេស LDC នេះ ក្នុងពេលសម្ដេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រី។

សម្ដេចបានឆ្លើយតបឈ្មោះ Hakleng Lim ដូច្នេះថា៖ «នៅមានចំណុចសំខាន់មួយទៀតគឺ អត្រាការប្រាក់ដែលយើងខ្ចីគេ។ ប្រទេសអភិវឌ្ឍន៍តិចតួចទទួលបានការប្រាក់សម្បទាន។ សម្រាប់ខ្ញុំ ពេលធ្វើជានាយករដ្ឋមន្ត្រីគិតខ្លាំងលើចំណុចនេះ ព្រោះបើការប្រាក់ពាណិជ្ជកម្ម យើងនឹងខាតបង់ធ្ងន់ធ្ងរ។ រឿងពន្យារនេះ វាជាការសម្រេចចិត្តដោយការទទួលខុសត្រូវរបស់ខ្ញុំនាពេលនោះ។ សូមចងចាំបើឈរមិនទាន់រឹងកុំទាន់រត់នាំឲ្យយើងដួល»។

សូមជម្រាបថា កម្ពុជាត្រៀមចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅខែធ្នូ ឆ្នាំ២០២៩៕