សំណើ សំណូមពរ និងទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋ១២ករណី ត្រូវបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកបាធាយ
26-11-2026 15:28
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រជាពលរដ្ឋនៅស្រុកបាធាយ បានលើកឡើងនូវសំណើ សំណូមពរ និងទុក្ខកង្វល់ចំនួន ១២ករណី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៣ អាណត្តិទី៤ ប្រចាំឆ្នាំ២០២៦។ វេទិកានេះបានធ្វើឡើងនៅក្នុងបរិវេណវត្តគីរីបុប្ផារាម ស្ថិតនៅឃុំបាធាយ ស្រុកបាធាយ ក្រោមអធិបតីភាពលោក ទុំ លឹមយុន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោក ទុំ លឹមយុន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រី ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ នាថ្ងៃនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានា របស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសហគមន៍ប្រជាពលរដ្ឋ។
ព្រមជាមួយគ្នានេះ ក៏ដើម្បីប្រមូល និងពិភាក្សាអំពីសំណើ និងមតិយោបល់នានាសម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណៈអភិបាលក្រុង-ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងតំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត។
ក្នុងឱកាសនោះលោក គន់ សុភា អភិបាលរងខេត្ត បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានអនុញ្ញាតឱ្យយើងទាំងអស់គ្នាពិភាក្សា និងពិគ្រោះយោបល់ជាមួយអ្នកចូលរួមទាំងអស់ រកឃើញនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់រដ្ឋបាលខេត្ត យកទៅពិនិត្យពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍន៍ខេត្តឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
លោកអភិបាលរងខេត្តបន្តថា វេទិកានាពេលនេះ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋជាង ៦០០ នាក់ ក្នុងការលើកឡើងជាសំណួរ ក្ដីកង្វល់ សំណើ សំណូមពរបានចំនួន ១២ ករណី និងបានឆ្លើយតប បកស្រាយបំភ្លឺនូវសំណួរ និងសំណូមពរបានមួយចំនួន។ ចំពោះសំណូមពរដែលនៅសេសសល់ នឹងយកទៅពិភាក្សាដោះស្រាយនៅពេលក្រោយ តាមនីតិវិធីរបស់រដ្ឋបាល៕












