រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកខេត្តកោះកុង ទទួលបានភ្ញៀវទេសចរចំនួន ៧៦,១២៥នាក់
26-11-2026 15:26
(កោះកុង)៖ យោងតាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងថា ក្នុងរយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ សម្រាប់ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុប ៧៦,១២៥ នាក់។
ចំនួនភ្ញៀវទេសចរជាតិ-បរទេសស្នាក់នៅ និងប្រជាពលរដ្ឋកម្សាន្តតាមតំបន់គោលដៅទេសចរណ៍នានាក្នុងខេត្ត៖
*ភ្ញៀវជាតិចំនួន ៧៥,៥៩៩ នាក់ ថយចុះ ២,០៨៥ នាក់ ស្មើនឹង -២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៥។
*ភ្ញៀវបរទេសចំនួន ៥២៦ នាក់ ថយចុះ ៣១១ នាក់ ស្មើនឹង -៣៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៥។
*ចំនួនសរុប ៧៦,១២៥ នាក់ ថយចុះ ២,៣៩៦ នាក់ ស្មើនឹង -៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៥។
ចំពោះបរិស្ថាន សណ្ដាប់ធ្នាប់ និងអនាម័យនៅតាមតំបន់គោលដៅទេសចរណ៍នានា ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់ភ្ញៀវទេសចរ ប្រជាពលរដ្ឋ បានធ្វើឱ្យអនាម័យ តាមគេហដ្ឋាន រមណីយដ្ឋាន និងសហគមន៍មានភាពស្អាតល្អ។
លោកប្រធានមន្ទីរទេសចរណ៍បានឱ្យដឹងថា ការទទួលបានភ្ញៀវទេសចរជាច្រើនក្នុងរយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យនេះ ស្ថានភាពសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ទេសចរណ៍ក្នុងខេត្តកោះកុងមានភាពល្អប្រសើរ ដោយមិនមានហេតុការណ៍ណាមួយដែលបង្កផលប៉ះពាល់ដល់ភ្ញៀវទេសចរនោះទេ។
លទ្ធផលនេះបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរៀបចំ និងគ្រប់គ្រងសកម្មភាពទេសចរណ៍ ដើម្បីបង្កើតបរិយាកាសកម្សាន្តប្រកបដោយសុវត្ថិភាព និងភាពរីករាយជូនភ្ញៀវទេសចរទាំងអស់៕






