ភ្ញៀវទេសចរជាង៨០ម៉ឺននាក់ មកទស្សនាខេត្តតាកែវក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃ
26-11-2026 15:24
(តាកែវ)៖ ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង៨០ម៉ឺននាក់ បានមកទស្សនាកម្សាន្តក្នុងខេត្តតាកែវ។
លោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានថ្លែងឱ្យដឹងថា សម្រាប់ខេត្តតាកែវរយៈពេល ៣ ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ មានភ្ញៀវទេសចរចំនួន ៨៤១.៧១៨ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន ៣៦៧ នាក់បានមកលេងកម្សាន្តនៅក្នុងខេត្តតាកែវ។ ក្នុងចំណោមភ្ញៀវទេសចរទាំងអស់ ភាគច្រើនបានមកទស្សនាកម្សាន្តក្នុងក្រុងដូនកែវ ដែលមានការតាំងរូបសំណាកបង្កង យក្សនៅបឹងតាកែវ។
បើតាមលោកប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ ចំនួនភ្ញៀវទេសចរដែលចូលមកទស្សនាកម្សាន្តក្នុងខេត្តតាកែវក្នុងពិធីបុណ្យអុំទូកឆ្នាំ ២០២៦ នេះមានការកើនឡើងខ្ពស់ជាងឆ្នាំ ២០២៥ កន្លងមក។ មូលហេតុដែលនាំឱ្យ មានកំណើនភ្ញៀវទេសចរមានការកើនឡើង គឺបណ្ដាលមកពីឆ្នាំនេះរដ្ឋបាលខេត្តតាកែវក្រោមការដឹកនាំពីសំណាក់ឯកឧត្តម វ៉ី សំណាង បានកសាងរូបសំណាកបង្កងយក្សនៅបឹងតាកែវ ស្ថិតក្នុងក្រុងដូនកែវ ដែលធ្វើឱ្យមានការល្បីរន្ទឺតាមបណ្ដាញសង្គម និងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ បងប្អូនប្រជាពលរដ្ឋគាត់ចង់មកទស្សនាដោយផ្ទាល់ និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។
ដោយឡែក ពាក់ព័ន្ធទៅនឹងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកចូលលេងកម្សាន្តក្នុងខេត្តតាកែវ ត្រូវបានលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងទទួលបន្ទុកសេនាធិការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តតាកែវបានថ្លែងឱ្យដឹងថា បញ្ហាសន្តិសុខ សុវត្ថិភាពជូនបងប្អូនភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅក្នុងខេត្តតាកែវនាឱកាសព្រះរាជពិធីបុណ្យអុំទូក ត្រូវបានសមត្ថកិច្ចថែរក្សាការពារបានយ៉ាងល្អប្រសើរ ពុំមានបញ្ហាអ្វីកើតឡើងនោះទេ៕















