ខេត្តកែប ទទួលបានភ្ញៀវទេសចរជាង១៣ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក
26-11-2026 15:21
(កែប)៖ បើតាមរបាយការណ៍របស់លោក ប៉ុល ទាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្រាប់ខេត្តកែប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង១៣ម៉ឺននាក់ (១៣១,៥៤២នាក់)។ ក្នុងចំណោមភ្ញៀវទេសចរសរុប ភ្ញៀវទេសចរជាតិ មានចំនួន ១៣០,៩៣២នាក់ ចំណែកភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៦១០នាក់។
លោកប្រធានបន្ទីរទេសចរណ៍បន្តថា ទន្ទឹមនឹងការទទួលបានភ្ញៀវទេសចរជាច្រើន ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យ ស្ថានភាពសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ទេសចរណ៍ក្នុងខេត្តកែបមានភាពល្អប្រសើរ ដោយមិនមានបាតុភាពផ្សេងៗ ដែលបង្កផលប៉ះពាល់ដល់ភ្ញៀវទេសចរនោះទេ។ លទ្ធផលនេះ បង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរៀបចំ និងគ្រប់គ្រងសកម្មភាពទេសចរណ៍ ដើម្បីបង្កើតបរិយាកាសកម្សាន្តប្រកបដោយសុវត្ថិភាព និងភាពរីករាយជូនភ្ញៀវទេសចរទាំងអស់។
គួររំលឹកថា ក្នុងពិធីអបអរព្រះរាជពិធីបុណ្យ រយៈពេល ៣ថ្ងៃ(២៣-២៥) លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងលំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកសម្រាកលំហែកម្សាន្ត តាមបណ្តារមណីយដ្ឋាន និងតំបន់ឆ្នេរនានា ក្នុងភូមិសាស្ត្រខេត្តកែប នាឱកាស នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នារយៈពេលបីថ្ងៃអបអរព្រះរាជពិធីបុណ្យខាងលើ។
ក្នុងដំណើរចុះពិនិត្យនោះ លោកអភិបាលខេត្ត ក៏បានយកចិត្តទុកដាក់ពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ជាពិសេសការរៀបចំសណ្តាប់ធ្នាប់ ការរក្សាសន្តិសុខ សុវត្ថិភាព និងការបម្រើសេវាកម្ម ជូនភ្ញៀវទេសចរ ដើម្បីធានាឱ្យការស្នាក់នៅ និងការកម្សាន្តរបស់ភ្ញៀវ ប្រព្រឹត្តទៅដោយភាពរីករាយ កក់ក្តៅ និងមានសុវត្ថិភាព។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានអញ្ជើញសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូន ភ្ញៀវទេសចរ និងអាជីវករដែលកំពុងប្រកបអាជីវកម្មលក់ដូរម្ហូបអាហារ និងគ្រឿងសមុទ្រនៅតាមតំបន់ទេសចរណ៍ ដោយបានសាកសួរអំពីស្ថានភាពការលក់ដូរ ការទទួលភ្ញៀវ និងការផ្តល់សេវាកម្មជូនភ្ញៀវទេសចរ ក្នុងឱកាសព្រះរាជពិធីបុណ្យនេះផងដែរ។
ក្នុងឱកាសនោះ អភិបាលខេត្ត បានណែនាំដល់បងប្អូនអាជីវករទាំងអស់ឱ្យបន្តយកចិត្តទុកដាក់លើការរក្សាអនាម័យចំណីអាហារ និងបរិស្ថានជុំវិញកន្លែងលក់ដូរឱ្យបានស្អាត មានរបៀបរៀបរយ ព្រមទាំងត្រូវធានាគុណភាព និងសុវត្ថិភាពម្ហូបអាហារ ជាពិសេសត្រូវរក្សាតម្លៃលក់ដូរឱ្យបានសមរម្យ ដើម្បីចូលរួមលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕






























