FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្ញៀវទេសចរជិត២ម៉ឺននាក់ បានមកទស្សនាកម្សាន្តនៅខេត្តស្វាយរៀង នាឱកាសព្រះរាជពិធីបុណ្យអុំទូក រយៈពេល ៣ថ្ងៃ

26-11-2026 15:20

(ស្វាយរៀង)៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបប្រមាណ ១៩ ២៦៥ នាក់ (ស្រី ៦ ៥៨៤ នាក់) បានមកទស្សនាកម្សាន្តតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក្នុងខេត្តស្វាយរៀង ក្នុងនោះមានភ្ញៀវបរទេសចំនួន ៤៣នាក់។

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរមានការកើនឡើងប្រមាណ ១,២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កំណើននេះឆ្លុះបញ្ចាំងពីភាពទាក់ទាញ នៃតំបន់ទេសចរណ៍ក្នុងខេត្ត ស្របពេលដែលអាជ្ញាធរមានសមត្ថកិច្ចបានសហការគ្នាយ៉ាងល្អ ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងអនាម័យបរិស្ថាន ដែលធ្វើឱ្យដំណើរកម្សាន្តរបស់ភ្ញៀវទេសចរប្រព្រឹត្ត ទៅដោយភាពកក់ក្ដៅ និងសប្បាយរីករាយ។

ទន្ទឹមនឹងនេះ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលស្រុកស្វាយជ្រំ រួមជាមួយអាជ្ញាធរ ព្រះសង្ឃ គណៈកម្មការវត្តមង្គលរការាម និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក៏បានរៀបចំពិធីប្រណាំងទូក ដាល់អំបុក អកអំបុក និងល្បែងប្រជាប្រិយយ៉ាងអធិកអធមនៅឃុំក្រោលគោ។

ព្រឹត្តិការណ៍នេះមិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយ និងលើកកម្ពស់ទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពនៃការរួបរួមសាមគ្គីភាពយ៉ាងរឹងមាំរវាងពុទ្ធចក្រ អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕