FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាជិកព្រឹទ្ធសភាអាមេរិក៖ កម្ពុជា-អាមេរិក នៅមានសក្តានុពលលើវិស័យសំខាន់ៗជាច្រើនទៀត ដែលអាចបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

26-11-2026 13:17

(ភ្នំពេញ)៖ លោក ស្ទីវ ដេនស៍ (Steve Daines) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ នៃរដ្ឋម៉ុងតាណា (Montana) បានគូសបញ្ជាក់ថា កម្ពុជា និងសហរដ្ឋអាមេរិក នៅមានសក្តានុពលលើវិស័យសំខាន់ៗជាច្រើនទៀត ដែលអាចបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមានទាំងវិស័យថាមពល និងធនធានរ៉ែ។ ជាមួយគ្នានេះ លោកបានបង្ហាញការគាំទ្រដល់ការផ្ទេរបច្ចេកវិទ្យា និងអ្នកជំនាញអាមេរិកលើវិស័យទាំងពីរនេះ សំដៅពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។

ការលើកឡើងរបស់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិករូបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ លោក Steve Daines បានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ក៏ដូចជាការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងភាពរួសរាយរាក់ទាក់ប្រកបដោយភាពស្មោះត្រង់របស់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងបានបញ្ជាក់ពីការគាំទ្រដល់ការផ្ទេរបច្ចេកវិទ្យា និងអ្នកជំនាញរបស់សហរដ្ឋអាមេរិកលើវិស័យថាមពល និងធនធានរ៉ែ ដើម្បីជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។

ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកសមាជិកព្រឹទ្ធសភាអាមេរិក ដែលបានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជានាឱកាសនេះ។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យពាណិជ្ជកម្ម ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនៅតែជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជា ខណៈរាជរដ្ឋាភិបាលកំពុងខិតខំជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមានកំណើនបន្ថែមទៀត។ ជាមួយគ្នានេះ សម្តេចធិបតីបានសម្តែងនូវការពេញចិត្តចំពោះសកម្មភាពធុរកិច្ចរបស់បណ្តាក្រុមហ៊ុន និងសហគ្រាសអាមេរិក ដែលកំពុងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានបង្ហាញជំនឿជាក់ថា វិនិយោគិនអាមេរិកនឹងបន្តស្វែងរកកាលានុវត្តភាព និងសក្តានុពលថ្មីៗបន្ថែមទៀត ដើម្បីពង្រីកប្រតិបត្តិការធុរកិច្ចរបស់ខ្លួននៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចធិបតី និងលោកសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីបញ្ហាប្រឈមសំខាន់ៗដែលជាផលប្រយោជន៍រួម ក្នុងនោះរួមមាន ការវិវត្តនៃស្ថានភាពប្រជាសាស្ត្រ និងការថែរក្សាសុខសន្ដិភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។

មុននឹងបញ្ចប់ជំនួប សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានដើរតួនាទី និងជួយសម្របសម្រួលយ៉ាងសកម្ម ឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ នាពេលកន្លងមក និងនៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ជាមួយគ្នានេះ សម្តេចក៏បានជម្រាបជូនសមាជិកព្រឹទ្ធសភាអាមេរិក អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ៕