មន្ត្រីជាន់ខ្ពស់ គ.ជ.ប ចុះពិនិត្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
26-11-2026 12:39
(កំពង់ចាម)៖ លោក សោម សូរីដា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អមដំណើរដោយលោកស្រី យឹម សុធានី អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំនានា ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោក សោម សូរីដា បានណែនាំកិច្ចការមួយចំនួនដល់ក្រុមចុះឈ្មោះបោះឆ្នោត និងក្រុមប្រឹក្សាឃុំ ដើម្បីធានាឱ្យការអនុវត្តការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងមានប្រសិទ្ធភាព ស្របតាមច្បាប់ និងបទបញ្ជា នីតិវិធីជាធរមាន។
ជាមួយគ្នានេះ លោកក៏បានណែនាំអំពីការផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះបោះឆ្នោត ព្រមទាំងការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្ររបស់ប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹង និងអញ្ជើញមក អនុវត្ត សិទ្ធិ របស់ខ្លួនឱ្យបានគ្រប់ៗគ្នា។
ការចុះពិនិត្យនេះ មានគោលបំណងតាមដាន និងវាយតម្លៃលើការអនុវត្តការងារជាក់ស្តែង ស្ដាប់ការលើកពីបញ្ហាប្រឈម និងសំណូមពរ ព្រមទាំងផ្តល់ការណែនាំ ដើម្បីធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងភាពជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ៕









