FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា និងសហភាពអឺរ៉ុប ប្រកាសដាក់ឱ្យដំណើរការភាពជាដៃគូជំរុញការប្រើប្រាស់ថាមពលប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម

26-11-2026 12:19

(ភ្នំពេញ)៖ លោក Igor Driesmans ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជា លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រកាសដាក់ឱ្យ ដំណើរការជាផ្លូវការនូវកម្មវិធី «ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការប្រើប្រាស់ថាមពលប្រកបដោយ ចីរភាពក្នុងវិស័យឧស្សាហកម្ម»។

វិស័យកាត់ដេរ ស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើរ នៅតែជាវិស័យដ៏សំខាន់សម្រាប់សេដ្ឋកិច្ច និងការបង្កើតការងារ ជាពិសេសសម្រាប់ស្ត្រី ហើយវិស័យនេះបានរួមចំណែកប្រមាណពីរភាគបីនៃការនាំចេញ ទំនិញរបស់កម្ពុជា។

ស្របពេលដែលទីផ្សារអន្តរជាតិផ្តោតកាន់តែខ្លាំងលើនិរន្តរភាព ការបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ថាមពល និងការកែលម្អរបៀបផលិត កាន់តែមានសារៈសំខាន់ក្នុងការរក្សាសមត្ថភាព ប្រកួតប្រជែងរបស់វិស័យនេះ។

កម្មវិធីនេះមានគោលបំណងជំរុញការវិនិយោគលើប្រសិទ្ធភាពថាមពលនិងថាមពលកកើតឡើងវិញក្នុងវិស័យ ឧស្សាហកម្មកម្ពុជា ព្រមទាំងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ អភិវឌ្ឍសមត្ថភាពបច្ចេកទេស លើកកម្ពស់លក្ខខណ្ឌ ការងារដោយគិតគូរពីយេនឌ័រ និងសម្របសម្រួលការទទួលបានហិរញ្ញប្បទានសម្រាប់គម្រោងថាមពលប្រកប ដោយចីរភាព។

គំនិតផ្ដួចផ្ដើមនេះរួមចំណែកជំរុញអន្តរកាលបៃតងនៅកម្ពុជាក្នុងក្របខ័ណ្ឌយ៉ាងទូលំទូលាយ តាមរយៈការ គាំទ្រដោយផ្ទាល់ដល់ការអនុវត្តគោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពល និងរួមចំណែកក្នុងការសម្រេច គោលដៅយុទ្ធសាស្ត្រជាតិសំខាន់ៗផ្សេងទៀតដូចជា យុទ្ធសាស្ត្រវិស័យកាត់ដេរ ស្បែកជើង និងផលិតផល សម្រាប់ការធ្វើដំណើរ និងផែនការសកម្មភាពប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាត ឆ្នាំ២០២១-២០៣០។

លោក កែវ រតនៈ បានមានប្រសាសន៍ថា «ថាមពលមួយក្នុងចំណោមថាមពលដែលមានតម្លៃបំផុត គឺថាមពលដែលយើងមិនចាំបាច់ប្រើប្រាស់។ កម្ពុជាចាត់ទុក ប្រភពថាមពលលាក់កំបាំង នេះជាសសរស្ដម្ភដ៏សំខាន់មួយនៃយុទ្ធសាស្ត្រថាមពលជាតិ។ ក្នុងពេលដែលតម្រូវការថាមពលបន្តកើនឡើង ការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលក្នុងផលិតកម្ម នឹងជួយឱ្យវិស័យឧស្សាហកម្មរបស់យើងអភិវឌ្ឍប្រកបដោយចីរភាពកាន់តែប្រសើរ។ យើងសូមស្វាគមន៍ ចំពោះភាពជាដៃគូរបស់សហភាពអឺរ៉ុប ក្នុងការជំរុញការងារនេះឱ្យឈានទៅមុខ»។

កម្មវិធីនេះត្រូវបានអនុវត្តដោយក្រុមជំនួយបច្ចេកទេសរបស់សហភាពអឺរ៉ុប សហការជាមួយអង្គការអភិវឌ្ឍន៍ ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) និងផ្តោតលើលទ្ធផលរំពឹងទុកចំនួនបីដែលបំពេញបន្ថែមគ្នា ដោយផ្សារភ្ជាប់ការកែលម្អក្របខ័ណ្ឌបទប្បញ្ញត្តិថ្នាក់ជាតិទៅនឹង ការផ្ដល់ការគាំទ្រជាក់ស្តែងដល់រោងចក្រ និងសមាគមឧស្សាហកម្ម។

លទ្ធផលទី១ ផ្តោតលើការពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិស្តីពីប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្ម តាមរយៈជំនួយបច្ចេកទេស។ ផែនការសកម្មភាពប្រសិទ្ធភាពថាមពលក្នុងឧស្សាហកម្ម នឹងត្រូវរៀបចំឡើង ដើម្បីជួយគាំទ្រការអនុវត្តគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល។ ផែនការនេះនឹងដាក់ចេញនូវ ក្របខ័ណ្ឌកម្មវិធីគ្រប់គ្រងថាមពល ដោយមានថ្នាលអនឡាញរួមមួយសម្រាប់ជួយជំរុញឧស្សាហកម្មនេះប្តូរ ទៅប្រើប្រព័ន្ធរាយការណ៍ឌីជីថល។ លទ្ធផលរំពឹងទុកទី១ នេះ ក៏នឹងដាក់ចេញឱ្យអនុវត្តបទដ្ឋានគុណផល ការប្រើប្រាស់ថាមពលអប្បបរមា ឧស្សាហកម្មអាទិភាពផងដែរ។

ព្រមទាំងស្ដង់ដារនិងការបិទស្លាកប្រសិទ្ធភាពថាមពលសម្រាប់បរិក្ខារ ពាក្យថា «ប្រភពថាមពលលាក់កំបាំង» (Hidden Fuel) សំដៅលើថាមពលដែលអាចសន្សំបានតាមរយៈការប្រើប្រាស់អគ្គិសនី និងធនធានថាមពលផ្សេងៗប្រកបដោយប្រសិទ្ធភាព។ ការសន្សំថាមពលនេះជួយកាត់បន្ថយចំណាយ និងកាត់បន្ថយ តម្រូវការបង្កើនការផ្គត់ផ្គង់ថាមពលបន្ថែម។

លោក ហែម វណ្ណឌី បានថ្លែងថា ប្រសិទ្ធភាពថាមពល គឺជាផ្នែកសំខាន់នៃការធ្វើទំនើបកម្មវិស័យផលិតកម្មរបស់កម្ពុជា និងការបង្កើន សមត្ថភាពប្រកួតប្រជែង។ ភាពជាដៃគូនេះនឹងជួយរោងចក្រកែលម្អសមត្ថភាពបច្ចេកទេស អនុវត្ត ផលិតកម្មស្អាត និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបង្កើនផលិតភាព។

លោកថា ការប្រែក្លាយគោលនយោបាយទៅ ជាសកម្មភាពជាក់ស្ដែងនៅកម្រិតរោងចក្រ នឹងជួយកសាងវិស័យឧស្សាហកម្មដែលមានចីរភាព និងអាច ប្រកួតប្រជែងបានកាន់តែប្រសើរ។

លទ្ធផលទី២ ផ្ដោតលើការអនុវត្តប្រសិទ្ធភាពថាមពលនៅកម្រិតរោងចក្រ ការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ជីវម៉ាស ប្រកបដោយចីរភាព និងការលើកកម្ពស់បរិយាកាសការងារប្រកបដោយសុវត្ថិភាព និងគិតគូរពីយេនឌ័រ។ កម្មវិធីនេះគ្រោងនឹងគាំទ្រការធ្វើសវនកម្មថាមពលចំនួន ២១០ លើក នៅក្នុងរោងចក្រកាត់ដេរ ស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើរ និងផ្ដល់ជំនួយសម្រាប់អនុវត្តអនុសាសន៍ដែលទទួលបានពីការធ្វើ សវនកម្ម។

ការបណ្តុះបណ្តាលបុគ្គលិករោងចក្រស្ដីពីការគ្រប់គ្រងថាមពលប្រកបដោយចីរភាព ជាផ្នែក ដ៏សំខាន់មួយនៃលទ្ធផលរំពឹងទុកនេះ ដែលមានគោលបំណងពង្រឹងសមត្ថភាពរបស់វិស័យឧស្សាហកម្ម ក្នុងការកំណត់ និងអនុវត្តវិធានការសន្សំសំចៃថាមពល។ ដោយផ្តោតលើការងារសមរម្យ កម្មវិធីនេះក៏នឹងដោះស្រាយបញ្ហាស្ត្រេសកម្ដៅ កង្វះពន្លឺ សំឡេងរំខាន និង ប្រព័ន្ធខ្យល់ចេញចូលមិនគ្រប់គ្រាន់នៅកន្លែងការងារផងដែរ។

នាឱកាសនោះ លោក Igor Driesmans ក៏បានលើកឡើងផងដែរថា ខណៈដែលកម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច វិស័យឧស្សាហកម្ម ដែលកាន់តែមាននិរន្តរភាព និងប្រើប្រាស់ថាមពលកាន់តែមានប្រសិទ្ធភាព អាចជួយអាជីវកម្មកាត់បន្ថយ ចំណាយ បង្កើនផលិតភាព និងឆ្លើយតបតម្រូវការទីផ្សារដែលកំពុងប្រែប្រួល។

សហភាពអឺរ៉ុប Global Gateway និងក្រោមយុទ្ធសាស្ត្រ Global Gateway សហភាពអឺរ៉ុបកំពុងបង្រួបបង្រួមគោលនយោបាយ ឧស្សាហកម្ម និងការវិនិយោគ ដើម្បីគាំទ្រកំណើនរយៈពេលវែង ពង្រឹងភាពធន់ និងផ្តល់ផលប្រយោជន៍រយៈពេលវង សម្រាប់អាជីវកម្ម កម្មករនិយោជិត និងសហគមន៍កម្ពុជា។

លទ្ធផលទី៣ មានគោលបំណងពង្រឹងសមត្ថភាពសមាគមឧស្សាហកម្មក្នុងការជួយរោងចក្រទទួលបាន ហិរញ្ញប្បទានសម្រាប់ការវិនិយោគថាមពលប្រកបដោយចីរភាព ការងារទាំងនេះរួមមាន ការរៀបចំ គម្រោងដែលត្រៀមរួចសម្រាប់វិនិយោគ ការសម្របសម្រួលការទទួលបានហិរញ្ញប្បទានបៃតង និងការ លើកកម្ពស់ការអភិវឌ្ឍទីផ្សារក្រុមហ៊ុនផ្តល់សេវាដំណោះស្រាយថាមពលនៅកម្ពុជា។

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនេះ មានការធ្វើបទបង្ហាញអំពីក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រង ថាមពលក្នុងឧស្សាហកម្មនិងស្តង់ដារបរិក្ខា ការរាយការណ៍ពីប្រសិទ្ធភាពថាមពល ផែនការធ្វើសវនកម្ម ថាមពលនៅតាមរោងចក និងការគាំទ្រក្នុងការទទួលបានហិរញ្ញប្បទាន។

តំណាងជាន់ខ្ពស់ជាង ១៥០នាក់ មកពីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សមាគមឧស្សាហកម្ម វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងៗ បានចូលរួមផ្លាស់ប្តូរទស្សនៈអំពីការអនុវត្តកម្មវិធី និងតួនាទីរបស់ភាគីនីមួយៗក្នុងការជំរុញការអនុវត្តថាមពលប្រកបដោយចីរភាព៕