រយៈពេល៣ថ្ងៃ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាងកន្លះលាននាក់ ដើរកម្សាន្តនៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខ ក្នុងឱកាសបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក (Video inside)
26-11-2026 11:47
(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ នៃព្រះបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាងកន្លះលាននាក់ បានដើរលេងកម្សាន្តនៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខ។
ទិដ្ឋភាព នាឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក តាមបណ្ដោយផ្លូវថ្មើរជើងចតុមុខ ដែលបងប្អូនប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ រួមមានភ្ញៀវជាតិ និងអន្តរជាតិ ដេីរលេងកម្សាន្ត ព្រមទាំងទស្សនានូវទស្សនីយភាពនានា រួមមាន៖ របាំ និងសិល្បៈប្រពៃណីខ្មែរជាច្រេីនសម្បូរបែប រួមទាំងភ្លក់រសជាតិម្ហូបអាហារជាច្រើនមុខផងដែរ។
បើតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃអុំទូកទី១ មានប្រជាពលរដ្ឋមកដើរលេងកម្សាន្ត នៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខ ប្រមាណ ១៥៩,០០០នាក់ ក្នុងនោះ បរទេសចំនួន ៤,០០០នាក់។ សម្រាប់ថ្ងៃទី២ នៃថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកភ្ញៀវទេសចរ ប្រមាណ ២០ម៉ឺននាក់ បានដើរលេងកម្សាន្ត ហើយក៏ថ្ងៃជាថ្ងៃពេញបូណ៌មី ដែលប្រជាជនខ្មែររៀបចំប្រារព្ធពិធីសំពះព្រះខែ និងអកអំបុកនៅពេលរាត្រី។
ជាមួយគ្នានេះនៅយប់ថ្ងៃទី២៥ ដែលជាថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យនេះភ្ញៀវជាតិ ប្រហែលជិត ១៧ម៉ឺននាក់ និងបរទេសជាង ២ពាន់នាក់ បានមកដើរលេងកម្សាន្ត៕





































