កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន

25-11-2026 21:20

(ភ្នំពេញ)៖ កម្លាំងវរៈអន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានចុះអន្តរាគមន៍ និងឃាត់ខ្លួនបុរសម្នាក់មានជំងឺសរសៃប្រសាទ ឈ្មោះ ហៃ សុងលី អាយុ ៤០ឆ្នាំ បន្ទាប់ពីបានធ្វើសកម្មភាពវាយបំផ្លាញ និងគំរាមដុតទ្រព្យសម្បត្តិ ព្រមទាំងយកកាំបិតចុងស្រួច និងវត្ថុរឹងគប់មកលើក្រុមគ្រួសារ និងអ្នកជិតខាង។ ប្រតិបត្តិការនេះបានធ្វើឡើងភ្លាមៗ កាលពីវេលាម៉ោង ១៥និង៤០នាទី រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ N0២៥A ផ្លូវលេខ១៥០ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ក្រោយទទួលបានសេចក្ដីរាយការណ៍តាមប្រព័ន្ធទូរស័ព្ទបន្ទាន់ ១២៩១។

បច្ចុប្បន្ន ជនបង្កត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ និងធានាបាននូវសុវត្ថិភាពដល់ក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋរស់នៅជុំវិញនោះផងដែរ។

ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអំពាវនាវដល់សាធារណជន ប្រសិនបើជួបប្រទះហេតុការណ៍អសន្តិសុខ ឬត្រូវការអន្តរាគមន៍បន្ទាន់ សូមទាក់ទងមកកាន់លេខ ១២៩១ ឬបណ្តាញទំនាក់ទំនង Telegram, WhatsApp, CoolApp តាមលេខ 031 5555 669 និងទំព័រហ្វេសប៊ុក «Phnom Penh Gendarmerie» ដើម្បីឱ្យកម្លាំងសមត្ថកិច្ចចុះជួយសង្គ្រោះបានទាន់ពេលវេលា៕

(ទស្សនាវីដេអូ)៖ https://t.me/freshnewsasia/309688