តំណាងលោកកិត្តិសង្គហបណ្ឌិត គន់ គីម ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី
25-11-2026 14:16
(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) លោក គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៩ (49th ACDM), កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៤ និងសន្និសីទនៃភាគីចំពោះអាត់ម៊ែរ លើកទី១៥ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៣ ដល់២៧ ខែវិចិ្ឆកា ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
ប្រទេសឥណ្ឌូនេស៊ី ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំក្នុងឆ្នាំ២០២៦នេះ បានរៀបចំប្រធានបទក្នុងឆ្នាំនេះ «ចាប់ផ្តើមពីអាស៊ានឆ្ពោះទៅកាន់សកលលោក៖ ការពង្រឹងការត្រៀមរៀបចំរបស់សហគមន៍ និងការលើកកម្ពស់ភាពជាអ្នកដឹកនាំដើម្បីភាពធន់ប្រកបដោយចីរភាព»។
កិច្ចប្រជុំនេះ នឹងផ្តោតលើការពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនានា ស្ថិតគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៩ និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការជូនដំណឹងជាមុន, ការកាត់បន្ថយហានិភ័យ, ការត្រៀមរៀបចំ, ការឆ្លើយតបគ្រោះអាសន្ន និងការស្តារឡើងវិញប្រកបដោយភាពធន់៕





















