FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ រៀបចំពិធីអកអំបុក និងសំពះព្រះខែ

25-11-2026 13:53

(បន្ទាយមានជ័យ)៖ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងលោកស្រី ព្រមទាំងមានការអញ្ជើញចូលរួមពីអ្នកតំណាង មណ្ឌល បន្ទាយមានជ័យ គណៈអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ ជុំវិញខេត្ត មេបញ្ជាការកងកម្លាំង គ្រប់ជាន់ថ្នាក់ នៅរាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី២ នៃព្រះរាជព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែត ប្រទីប និង សំពះ ព្រះ ខែ អកអំបុក រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធកម្មវិធី សំពះព្រះខែ អកអំបុកនៅសួនតេជោ សន្តិភាព ដងស្ទឹងសិរីសោភ័ណ ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះលោក អ៊ុំ រាត្រី បានគូសបញ្ជាក់ថា ការរៀបចំពិធីបុណ្យប្រពៃណីជាតិ ដ៏អធិកអធមនាពេលនេះ គឺពិតជាឆ្លុះបញ្ចាំងឱ្យឃើញពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាព និងជីវភាពធូរធារក្នុងការប្រារព្ធពិធីបុណ្យទានតាមទំនៀមទម្លាប់ប្រពៃណីជាតិ។

ជាមួយគ្នានេះ លោក អ៊ុំ រាត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ សូមបន្តចូលរួមថែរក្សា ការពារ និងលើកស្ទួយមរតកវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ដូនតាខ្មែរ ឱ្យបានគង់វង្សយូរអង្វែង។

គួរបញ្ជាក់ផងដែរថា ការប្រារព្ធពិធីសំពះព្រះខែ និងអកអំបុកនាពេលនេះ ធ្វើឡើងក្នុងគោលបំណងថែរក្សា ការពារ និងលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកតាំងពីបុរាណកាលមក ជាពិសេសគឺការបង្ហាញនូវការដឹងគុណចំពោះព្រះពោធិសត្វ ទន្សាយ ដែលបានលះបង់ជីវិតដើម្បីបំពេញទានបារមី ក៏ដូចជាការបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ភោគផលកសិកម្មសម្បូរហូរហៀរ និងសុខសន្តិភាពជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ក៏ដូចជាប្រទេសជាតិទាំងមូល។

បើទោះបីជារដ្ឋបាលខេត្តបន្ទាយមានជ័យ មិនបានប្រារព្ធពិធីប្រណាំងទូក ង ដោយសារតែរងគ្រោះដោយសារការឈ្លានពានពីសំណាក់យោធាថៃ មកលើដែនដីព្រៃរបស់កម្ពុជា ជាពិសេសនៅក្នុងភូមិសាស្ត្រតាមបន្ទាត់ព្រំដែន ក៏រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំការបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនោះ ព្រមមានការរៀបចំដោយកម្មវិធីរាំលេងកម្សាន្តសប្បាយជាមួយនិងតន្ត្រីស្គរដៃ រយៈពេល ២រាត្រី ពោលនៅរាត្រីថ្ងៃទី២៤ដល់២៥ ខែវិច្ឆិកា ហើយក៏មានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ៕