FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួង ស្ថាប័ន រាជធានី ខេត្ត យកចិត្តទុកដាក់ការងារផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀន

25-11-2026 12:49

(សៀមរាប)៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានជម្រាបជូនឱ្យដឹងបែបនេះ នៅក្នុងឱកាសដែលលោកទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះសហការជាមួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ក្នុងពិធីប្រណាំងទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២៦ នេះ ដោយមានមហាជនចូលរួមគាំទ្រយ៉ាងច្រើនកុះករ។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) បានថ្លែងសាទរនូវសកម្មភាពផុលផុសរបស់ក្រុមការងារផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀន ក៏ដូចជាកម្មវិធី App NoDrug ដល់មហាជន។

ក្នុងនាមឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ក្នុងឱកាសនោះ ឯកឧត្តម សំកុល សុចិត្រា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប បានឱ្យដឹងថា ការងារប្រឆាំងគ្រឿងញៀនគឺយើងបានធ្វើជារឿយៗដោយមូលដ្ឋានផ្ទាល់ និងកិច្ចសហការមន្ត្រីជំនាញថ្នាក់ជាតិ សំដៅរួមគ្នាពង្រឹងសមត្ថភាព ពង្រីកបង្កើតចលនាចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានជម្រាបឱ្យដឹងដែរថា ក្រសួង ស្ថាប័ន រាជធានី ខេត្ត យកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់សាធារណជន ហើយមហាជនពិសេសយុវជនមានការចាប់អារម្មណ៍ខ្លាំងទៅលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការចូលរួមទស្សនាស្វែងយល់នៅស្តង់ពិព័រណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងការទាញយកកម្មវិធី NoDrug ដោយទឹកមុខញញឹមបង្ហាញពីការពេញចិត្តនឹងចូលរួមក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន "យុវជនល្អ ពលរដ្ឋល្អ រួមគ្នាគាំទ្រកម្ចាត់គ្រឿងញៀន" "ឃើញស្តង់ពិព័រណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវតែចូល កុំឱ្យគ្រឿងញៀនដុតរោលឆេះពេញផ្ទះ" "រាល់ករណីគ្រឿងញៀនដែលអ្នកបានឃើញមួយគឺរាយការណ៍មួយ" ហើយការមិនអើពើ ឬមើលរំលងឃើញអ្នកញៀនគ្រឿងញៀននៅក្នុងផ្ទះ ឬក្បែរផ្ទះ អាចនាំឱ្យមានការល្បួងឱ្យប្រើប្រាស់ដូចគេដែរ។

ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំប្រសាសន៍របស់សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងអំណរគុណ កោតសរសើរ ចំពោះកិច្ចសហការរួមគ្នាទាំងរដ្ឋ និងវិស័យឯកជន ដើម្បីកសាងបាននូវសុវត្ថិភាពសហគមន៍ពីបញ្ហាផ្សេងៗ ក្នុងនោះមានបញ្ហាគ្រឿងញៀនជាចម្បង។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឧត្តមសេនីយ៍ឯក លឹម តុងហួត សូមថ្លែងអំណរគុណចំពោះគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប ដែលបានផ្ដល់កិច្ចសហការល្អ និងបណ្ដាក្រសួង ស្ថាប័ន រាជធានី ខេត្ត ដែលបានយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយអប់រំ តាមរយៈការដាក់តាំងបដាពាក្យស្លោកប្រឆាំងគ្រឿងញៀន ការផ្ញើសារអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀន តាមរយៈពិធីករ ពិធីការិនីប្រណាំងទូក កម្មវិធីកម្សាន្តសប្បាយនានា ហើយក៏សូមថ្លែងនូវការអរគុណដល់ការឧបត្ថម្ភគាំទ្រជាវត្ថុអនុស្សាវរីយ៍មាន៖ កន្ត្រក ឆ័ត្រ មួក សៀវភៅ អាវយឺត បន្តោងសោ ផ្លិត ខិត្តប័ណ្ណប្រឆាំងគ្រឿងញៀន ទឹកបរិសុទ្ធ ។ល។ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ក្រុមហ៊ុនទូរសព្ទមិត្តហ្វូន ក្រុមហ៊ុនទេសចរណ៍ឆាយភល និងធូរវើលត្រាវែល និងក្រុមហ៊ុនហ្គេនស្បឺក (Ganzberg)។