សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកទុក្ខជូន ឯកឧត្តម សួស យ៉ារ៉ា ចំពោះមរណភាពរបស់ឧបាសក សួស តិចឆាយ
25-11-2026 12:44
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជូន ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសក សួស តិចឆាយ ដែលត្រូវជាឪពុកបង្កើត និងឪពុកក្មេក។
ឧបាសក សួស តិចឆាយ បានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០២:១៥នាទីទៀបភ្លឺ នាទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។
ក្នុងសារលិខិតរំលែកទុក្ខ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការសោកស្តាយឥតឧបមា និងបានចាត់ទុកមរណភាពរបស់ឧបាសក សួស តិចឆាយ ថាជាការបាត់បង់ដ៏ធំធេងមិនអាចកាត់ថ្លៃបាននូវឪពុក ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ និងជាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ក្រុមគ្រួសារ។ ពេញមួយជីវិតរបស់ឧបាសកបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ខិតខំចិញ្ចឹមបីបាច់ និងអប់រំទូន្មានបុត្រធីតា រហូតក្លាយជាធនធានមនុស្សដ៏ឆ្នើម និងជាថ្នាក់ដឹកនាំដែលកំពុងបំពេញការងារបម្រើជាតិ សាសនា ព្រះមហាក្សត្រ យ៉ាងសកម្ម។
ជាមួយគ្នានេះ សម្តេចតេជោប្រធានព្រឹទ្ធសភា បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សា និងយោងយឺតដួងវិញ្ញាណក្ខន្ធរបស់ ឧបាសក សួស តិចឆាយ បានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

