ថ្ងៃទី២ នៃថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក ភ្ញៀវទេសចរប្រមាណ ២០ម៉ឺននាក់ បានដើរលេងកម្សាន្ត
25-11-2026 12:31
(ភ្នំពេញ)៖ ភ្ញៀវទេសចរប្រមាណ២០ម៉ឺននាក់ បានដើរលេងកម្សាន្តនៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខ នាថ្ងៃទី២ នៃថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
ពិសេសបំផុតនោះ នៅម៉ោង ២៤:០០ យប់ ថ្ងៃទី២៤ ខែវិច្ឆិកានេះ ក៏មានអុជកាំជ្រួចអបអរសាទរពិធីសំពះព្រះខែ និងអកអំបុកផងដែរ ដែលប្រជាជនខ្មែររៀបចំប្រារព្ធពិធីសំពះព្រះខែ និងអកអំបុកនៅពេលរាត្រី។
ទិដ្ឋភាពថ្ងៃទី២ នាឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក តាមបណ្ដោយផ្លូវថ្មើរជើងចតុមុខ មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ រួមមានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្ត ព្រមទាំងទស្សនានូវទស្សនីយភាពនានា រួមមានរបាំ និងសិល្បៈប្រពៃណីខ្មែរជាច្រើនសម្បូរបែប រួមទាំងភ្លក់រសជាតិម្ហូបអាហារជាច្រើនមុខផងដែរ។
នេះបើតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ លោកស្រីបន្ថែមថា ភ្ញៀវទេសចរថ្ងៃទី២នេះ មានភ្ញៀវជាតិប្រហែល ២០ម៉ឺននាក់ និងភ្ញៀវបរទេសប្រមាណ ៥ពាន់នាក់។
លោកស្រីបានឱ្យដឹងដែរថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃអុំទូកទី១ កាលពីម្សិលមិញ មានប្រជាពលរដ្ឋមកដើរលេងកម្សាន្តនៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខប្រមាណ ១៥៩.០០០នាក់ ក្នុងនោះបរទេសចំនួន ៤.០០០នាក់៕





































