FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការទ័ពជើងទឹកចិន ដាក់ក្តីសង្ឃឹម ៣ចំណុច លើសមយុទ្ធនាគមាស ២០២៦

25-11-2026 11:57

(ព្រះសីហនុ)៖ ឧត្តមនាវីទោ លីវ ស៊ូមីង (Liu Shuming) មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹក ទីក្រុងក្វាងចូវ នៃកងទ័ពរំដោះប្រជាជនចិន តាងនាមយោធភូមិភាគខាងត្បូង បានលើកឡើងនូវសេចក្តីសង្ឃឹមចំនួន៣ចំណុច សម្រាប់សមយុទ្ធរួមគ្នា «នាគមាស ឆ្នាំ២០២៦» ដើម្បីពង្រឹងចំណងមិត្តភាពប្រពៃណី លើកកម្ពស់ស្តង់ដារហ្វឹកហ្វឺន និងបង្កើនសមត្ថភាពប្រតិបត្តិការចម្រុះរវាងកងទ័ពចិន និងកម្ពុជា។

ការលើកឡើងនូវសេចក្តីសង្ឃឹមទាំង ៣ចំណុចនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងពិធីបើកជាផ្លូវការនៃសមយុទ្ធ «នាគមាស ឆ្នាំ២០២៦» នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ ក្រោមអធិបតីភាពរបស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងកងកម្លាំងចម្រុះនៃភាគីទាំងពីរ។

ថ្លែងទៅកាន់អង្គពិធី ឧត្តមនាវីទោ លីវ ស៊ូមីង បានគូសបញ្ជាក់ថា សមយុទ្ធនាគមាស ចិន-កម្ពុជា បានរៀបចំឡើងអស់រយៈពេល ១០ឆ្នាំរួចមកហើយ និងបានក្លាយជាកម្មវិធីគំរូមួយក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខយោធា ដើម្បីកសាង «សហគមន៍ជោគវាសនាចិន និងកម្ពុជា គ្រប់រដូវកាល នាយុគសម័យថ្មី»។ តាងនាមយោធភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន លោកបានដាក់ចេញនូវក្តីសង្ឃឹម ៣ចំណុច សម្រាប់សមយុទ្ធលើកទី៨ នេះ រួមមាន៖

* ទី១៖ ពង្រឹងមិត្តភាពប្រពៃណី ហើយប្រយុទ្ធដោយកៀកស្មាគ្នា។ សមយុទ្ធលើកនេះ មិនគ្រាន់តែជាសក្ខីភាពជាក់ស្តែងនៃមិត្តភាពប៉ុណ្ណោះទេ ថែមទាំងជាវេទិកាសហប្រតិបត្តិការដ៏មានឧត្តមភាពផងដែរ។ នាយទាហាន នាយទាហានរង និងពលទាហានទាំងពីរភាគី ត្រូវចាប់យកឱកាសដ៏កម្រនេះ ផ្លាស់ប្តូរបទពិសោធន៍គ្នាយ៉ាងរាក់ទាក់ រៀនទៅវិញទៅមក និងសាមគ្គីគ្នាក្នុងការប្រយុទ្ធ ដើម្បីក្លាយជាអ្នកស្នង និងអ្នកសាងសង់ក្នុងការអភិវឌ្ឍមិត្តភាពកងទ័ព និងប្រទេសទាំងពីរ។

* ទី២៖ ប្រកាន់ស្តង់ដារយ៉ាងតឹងរ៉ឹង ដើម្បីធ្វើការហ្វឹកហ្វឺន។ ដោយសារខ្លឹមសារសមយុទ្ធឆ្នាំនេះ (ប្រយុទ្ធប្រឆាំងភេរវកម្ម ចោរសមុទ្រ និងសកម្មភាពមនុស្សធម៌) មានការរីកចម្រើនស៊ីជម្រៅ និងមេរៀនហ្វឹកហ្វឺនត្រូវបានពង្រីកកាន់តែទូលំទូលាយ ទាមទារឱ្យគ្រប់គ្នាធ្វើការតាមស្តង់ដារខ្ពស់ និងតឹងរ៉ឹង។ កងកម្លាំងភាគីចិនត្រូវរៀនត្រាប់តាមកងកម្លាំងភាគីកម្ពុជាយ៉ាងយកចិត្តទុកដាក់ ធ្វើការផ្លាស់ប្តូរ និងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីឱ្យមេរៀន និងដំណើរការនីមួយៗសម្រេចបានគោលដៅជាក់ស្តែង។

* ទី៣៖ ផ្តោតសំខាន់ទៅលើសហប្រតិបត្តិការ ដើម្បីលើកតម្កើងសមត្ថភាព។ ត្រូវបន្តដកស្រង់បទពិសោធន៍ល្អៗពីសមយុទ្ធកន្លងមក ដើម្បីលើកកម្ពស់សមត្ថភាពប្រតិបត្តិការចម្រុះ។ ទីបញ្ជាការសមយុទ្ធរួមគ្នា និងកងកម្លាំងចូលរួមទាំងពីរភាគី ត្រូវ «លាយគ្នាចាត់ជាក្រុម» សហការគ្នាដោយកម្រិតជ្រៀតជ្រៅ ស្របតាមជំហានពីការហ្វឹកហាត់ជំនាញ យុទ្ធវិធី រហូតដល់ការហ្វឹកហាត់រួមគ្នាជាទូទៅ ដើម្បីស្វែងរករបៀបជាស្តង់ដារក្នុងការស៊ើបការណ៍រួម ការរៀបចំរួម និងការបញ្ជារួមគ្នា៕