FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ (Photos inside)

25-11-2026 11:30

(ពោធិ៍សាត់)៖ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក យ៉ាងអធិកអធម នៅលើបុរីវប្បធម៌កោះសំពៅមាស ក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ការប្រារព្ធពិធីបុណ្យប្រពៃណីជាតិនាពេលនេះ គឺជាការបង្ហាញពីតម្លៃវប្បធម៌ និងប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិខ្មែរពិតប្រាកដ ព្រមទាំងបានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានចូលរួមថែរក្សា និងលើកស្ទួយប្រពៃណីវប្បធម៌ខ្មែរឱ្យគង់វង្សយូរអង្វែង កុំឱ្យបាត់បង់។ លោកក៏បានគូសបញ្ជាក់ផងដែរថា ការសម្តែងសិល្បៈរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានឆ្លុះបញ្ចាំងពីការអភិវឌ្ឍខេត្តជាក់ស្តែង ក្រោមម្លប់នៃសុខសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកអភិបាលខេត្តក៏បានលើកឡើងពីកំហឹងឈឺចាប់ចំពោះអំពើឈ្លានពានថៃ ព្រមទាំងបានអំពាវនាវឱ្យពុកម៉ែប្រជាពលរដ្ឋ បន្តរួបរួមសាមគ្គីជាធ្លុងមួយ និងផ្តល់ជំនឿជឿជាក់លើប្រមុខរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងជំរុញការវាស់វែងតាមយន្តការគណៈកម្មការចម្រុះព្រំដែន (JBC) ដែលមានស្រាប់។

លោក ខូយ រីដា បានបន្តទៀតថា សម្រាប់ខេត្តពោធិ៍សាត់ ក្រោមការយកចិត្តទុកដាក់ ពីលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ខេត្តបាននិងកំពុងប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។ លោកបានបង្ហាញក្តីរំពឹងថា ប្រសិនបើគ្មានការប្រែប្រួលទេ នៅក្នុងឆ្នាំ២០២៧ ឬឆ្នាំ២០២៨ខាងមុខ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ច្រាំងប៉េតុងអមសងខាងស្ទឹង រួមជាមួយសួនច្បារ ផ្លូវកៅស៊ូ ផ្លូវប៉េតុង និងភ្លើងបំភ្លឺតាមទីប្រជុំជន រហូតដល់ជនបទ នឹងបន្តអភិវឌ្ឍឈានឡើងកាន់តែល្អប្រសើរថែមទៀត។ ជាមួយគ្នានោះ លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦កន្លងទៅ រដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ថ្នាក់ខេត្ត លើកទី៦ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ផងដែរ។ ក្នុងព្រឹត្តិការណ៍នោះ មានភ្ញៀវទេសចរចូលរួមលេងកម្សាន្ត សរុបចំនួន ៣៥,៣៨៧នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន ៣៥,៣៤៤នាក់ និងភ្ញៀវទេសចរបរទេសចំនួន ៤៣នាក់។

គួរជម្រាបជូនថា កម្មវិធីអបអរសាទរនារាត្រីថ្ងៃទី២៤ ខែវិច្ឆិកា នៅបុរីវប្បធម៌កោះសំពៅមាស បានប្រព្រឹត្តទៅដោយមានរបៀបវារៈ និងទស្សនីយភាពជាច្រើនរួមមាន៖

*ការសម្តែងរបាំជូនពរ និងការសម្តែងក្បាច់គុណល្បុក្កតោ
*ការសម្តែងទស្សនីយភាពចម្រុះ
*ពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី ពិធីអុជទៀនធូបថ្វាយព្រះរតនត្រ័យ ពិធីប្រកាសទេវតាបារមីគ្រប់ទិសទី និងពិធីលើកដង្វាយថ្វាយព្រះ
*ពិធីសម្រក់ទៀនជ័យតាមក្រុង/ស្រុក ទាំង៧
*ពិធីដាល់អំបុកជានិមិត្តរូប ពិធីបណ្តែតប្រទីប និងពិធីអកអំបុក
*ការទស្សនាកាំជ្រួច ពិធីបង្ហោះគោម និងការប្រគុំតន្ត្រីជូនបងប្អូនប្រជាពលរដ្ឋទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយ។

ជាមួយនឹងការប្រារព្ធពិធីនេះ គេសង្កេតឃើញមានការពង្រាយកម្លាំងសមត្ថកិច្ចជាច្រើននាក់ ដើម្បីរឹតបណ្តឹង សន្តិសុខ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ ដែលបានមកចូលរួមទស្សនាកម្សាន្តប្រកបដោយក្តីសប្បាយរីករាយផងដែរ៕