រដ្ឋមន្ត្រីការពារជាតិកម្ពុជា៖ សមយុទ្ធនាគមាស ២០២៦ ជាសក្ខីភាពរស់រវើកនៃជំនឿទុកចិត្តជាយុទ្ធសាស្ត្រ និងពង្រឹងចំណងមិត្តភាពដែកថែបកម្ពុជា-ចិន

25-11-2026 11:19

(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំសមយុទ្ធ «នាគមាស ឆ្នាំ២០២៦» គឺជាសក្ខីភាពដ៏រស់រវើក និងជាក់ស្តែងបំផុតនៃជំនឿទុកចិត្តជាយុទ្ធសាស្ត្រ ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាពជាប្រពៃណី ភាតរភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ក្នុងនាមជា «មិត្តដែកថែប» រវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ចិន ព្រមទាំងជាការបោះជំហានទៅមុខមួយកម្រិតទៀតក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ការថ្លែងបញ្ជាក់ដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងពិធីបើកជាផ្លូវការនៃសមយុទ្ធ «នាគមាស ឆ្នាំ២០២៦» នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងចោរសមុទ្ររួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ដោយមានការចូលរួមពី ឧត្តមនាវីទោ លីវ ស៊ូមីង (Liu Shuming) មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹក ទីក្រុងក្វាងចូវ នៃកងទ័ពរំដោះប្រជាជនចិន។

ថ្លែងទៅកាន់អង្គពិធី ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានរំលេចពីតម្លៃជាយុទ្ធសាស្ត្រនៃសមយុទ្ធទ្វេភាគីលើកទី៨នេះ យ៉ាងដូច្នេះថា៖ «សមយុទ្ធនាគមាស ២០២៦ គឺជាសមយុទ្ធទ្វេភាគីលើកទី៨ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បន្ទាប់ពីយើងបានរៀបចំដោយជោគជ័យជាបន្តបន្ទាប់ចំនួន ៧លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៦ មក។ ការរៀបចំសមយុទ្ធដ៏មានសារៈសំខាន់នេះជារៀងរាល់ឆ្នាំ គឺជាសក្ខីភាពដ៏រស់រវើក និងជាក់ស្តែងបំផុតនៃជំនឿទុកចិត្តជាយុទ្ធសាស្ត្រ ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាពជាប្រពៃណី ភាតរភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ក្នុងនាមជាមិត្តដែកថែបរវាងប្រទេស និងប្រជាជនទាំងពីរ ដែលត្រូវបានពូនជ្រំ និងថែទាំយ៉ាងយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃគ្រប់ជំនាន់របស់ប្រទេសយើងទាំងពីរ»។

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានសង្កត់ធ្ងន់បន្ថែមថា សមយុទ្ធនាគមាស ២០២៦ នេះ មិនត្រឹមតែជាការអនុវត្តតាមផែនការនៃកិច្ចសហប្រតិបត្តិការយោធាប្រចាំឆ្នាំ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែជាការបោះជំហានទៅមុខមួយកម្រិតទៀត ដើម្បីអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ព្រមទាំងពង្រឹងទំនុកចិត្តនយោបាយកម្រិតខ្ពស់ទៅវិញទៅមក សំដៅរួមចំណែកដល់ការកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី» ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ជាពិសេសក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី ស៊ី ជីនពីង កាលពីខែមេសា ឆ្នាំ២០២៥ បានជំរុញយ៉ាងខ្លាំងក្លា។

តាងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល ក្រសួងការពារជាតិ កងទ័ពរំដោះប្រជាជនចិន និងប្រជាជនចិន ដែលតែងតែជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង និងទាន់ពេលវេលាដល់កម្ពុជា ទាំងស្មារតី សម្ភារៈ និងបច្ចេកទេស ជាពិសេសការកសាងធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធយោធា ការធ្វើទំនើបកម្មវិស័យការពារជាតិ និងការរៀបចំសមយុទ្ធរួមគ្នាជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការជាក់ស្តែងនៅលើទីលាន៕