FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីការពារជាតិកម្ពុជា បញ្ជាក់ជំហរយ៉ាងច្បាស់ថា សមយុទ្ធនាគមាស ២០២៦ ធ្វើឡើងដោយតម្លាភាព និងពុំមានគោលបំណងគំរាមកំហែងប្រទេសទីបីណាមួយឡើយ

25-11-2026 10:55

(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា សមយុទ្ធរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ក៏ដូចជាសមយុទ្ធនានាដែលកម្ពុជារៀបចំជាមួយបណ្តាប្រទេសជាមិត្ត ត្រូវបានធ្វើឡើងដោយឈរលើគោលការណ៍តម្លាភាព ស្មើភាព គោរពអធិបតេយ្យភាពទៅវិញទៅមក និងស្របតាមរដ្ឋធម្មនុញ្ញ ដោយពុំមានគោលបំណងគំរាមកំហែង ឬបង្កការប៉ះពាល់ដល់ប្រទេសទីបីណាមួយឡើយ។

ការប្រកាសបញ្ជាក់ជំហរដ៏ច្បាស់លាស់នេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងពិធីបើកជាផ្លូវការនៃសមយុទ្ធ «នាគមាស ឆ្នាំ២០២៦» នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងចោរសមុទ្ររួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ដោយមានការអញ្ជើញចូលរួមពី ឧត្តមនាវីទោ លីវ ស៊ូមីង (Liu Shuming) មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹក ទីក្រុងក្វាងចូវ នៃកងទ័ពរំដោះប្រជាជនចិន, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងសេនានុព័ន្ធ អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងកងកម្លាំងចម្រុះនៃភាគីទាំងពីរ។

ថ្លែងទៅកាន់អង្គពិធី លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ជូនអង្គពិធីទាំងមូលថា សមយុទ្ធរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ក៏ដូចជាសមយុទ្ធនានាដែលកម្ពុជារៀបចំជាមួយនឹងបណ្តាប្រទេសជាមិត្តនានា គឺរៀបចំឡើងដោយឈរលើគោលការណ៍តម្លាភាព ស្មើភាព គោរពអធិបតេយ្យភាពទៅវិញទៅមក និងស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សមយុទ្ធនេះពុំមានគោលបំណងគំរាមកំហែង ឬបង្កការប៉ះពាល់ដល់ប្រទេសទីបីណាមួយឡើយ។ ផ្ទុយទៅវិញ គឺជាការរួមចំណែកប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងនាមជាចំណែកមួយរបស់ពិភពលោក ដល់ការពង្រឹងនូវសន្តិសុខរួម និងការជួយសង្គ្រោះមនុស្សធម៌»។

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានពន្យល់បន្ថែមថា ស្ថិតក្នុងបរិបទដែលពិភពលោក និងតំបន់កំពុងមានការកែប្រែប្រួលយ៉ាងឆាប់រហ័ស ប្រកបដោយភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មាន បញ្ហាប្រឈមផ្នែកសន្តិសុខមិនមែនប្រពៃណី ដូចជាអំពើភេរវកម្មឆ្លងដែន បទល្មើសចោរសមុទ្រ ការជួញដូរអាវុធ គ្រឿងញៀន ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាគ្រោះមហន្តរាយធម្មជាតិដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ បាននិងកំពុងគំរាមកំហែងទាំងដោយផ្ទាល់ និងប្រយោលដល់សន្តិសុខ សុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រជាជាតិនានាយ៉ាងដំណំ។ លោកបានសង្កត់ធ្ងន់ថា គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហាប្រឈមទាំងនេះតែម្នាក់ឯងបានឡើយ គឺទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ការចែករំលែកព័ត៌មាន និងការរួមគ្នាឆ្លើយតបប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ថា សមយុទ្ធ «នាគមាសឆ្នាំ២០២៦» គឺជាសមយុទ្ធទ្វេភាគីលើកទី៨ រវាងកងទ័ពកម្ពុជា និងចិន បន្ទាប់ពីបានចាប់ផ្តើមតាំងពីឆ្នាំ២០១៦ និងរៀបចំដោយជោគជ័យចំនួន ៧លើករួចមកហើយ។ សមយុទ្ធក្នុងឆ្នាំ២០២៦នេះ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦ ដោយមានទ្រង់ទ្រាយធំជាងសមយុទ្ធ ៧លើកកន្លងទៅ ទាំងចំនួនកម្លាំងយោធា និងយុទ្ធោបករណ៍។

ពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងរបស់ភាគីទាំងពីរ មានចំនួនសរុប ២,៩៤០នាក់ ក្នុងនោះភាគីកម្ពុជាមានចំនួនសរុប ១,៦២៦នាក់ និងភាគីចិនសរុបចំនួន ១,៣១៤នាក់។ ចំពោះយុទ្ធោបករណ៍ដែលចូលរួមក្នុងសមយុទ្ធ រួមមាន កាំភ្លើងធំ កាំភ្លើងត្បាល់ រថក្រោះ អាវុធប្រឆាំងរថក្រោះ ប្រព័ន្ធការពារអាកាស ដ្រូន ឧបករណ៍ប្រឆាំងដ្រូន រ៉ាដា ឧទ្ធម្ភាគចក្រ នាវា សម្ភារៈការពារគីមីសាស្ត្រ បរិក្ខារបោសសម្អាតវត្ថុរារាំង រថយន្តសង្គ្រោះ រថយន្តដឹកជញ្ជូន និងអាវុធធុនស្រាលមួយចំនួន។

សមយុទ្ធនេះ ធ្វើការហ្វឹកហាត់លើខ្លឹមសារចំនួន ២ ធំៗ គឺ ទី១៖ ការហ្វឹកហាត់ជើងគោក និងអាកាស (នៅវិទ្យាស្ថាននាយទាហានចម្រុះ និងសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី) ដែលចែកចេញជា ៤ខ្លឹមសារ រួមមាន៖ ការហ្វឹកហាត់បរិក្ខារគ្មានមនុស្ស និងប្រឆាំងបរិក្ខារគ្មានមនុស្ស, ការចាប់ជំរិតចំណាប់ខ្មាំង និងវិធានការការពារការចាប់ជំរិតចំណាប់ខ្មាំង, ការវាយប្រហារភេរវករ និងរំដោះចំណាប់ខ្មាំង និងការហ្វឹកហាត់ជំនាញ និងទី២៖ ការហ្វឹកហាត់ជើងទឹក និងអាកាស (នៅមូលដ្ឋានសមុទ្ររាម មូលដ្ឋានទ័ពអាកាសកងកេង និងតំបន់សមុទ្រខេត្តព្រះសីហនុ) ដែលចែកចេញជា ៣ខ្លឹមសារ រួមមាន៖ ការសហការស៊ើបការណ៍ និងយាមល្បាត, ការវាយប្រហារលើសមុទ្រ និងអាកាស និងការសហការរុករកជួយសង្គ្រោះលើសមុទ្រ និងលើសមុទ្រ-លើអាកាស។

ក្រៅពីកិច្ចសហប្រតិបត្តិការយោធាជាមួយចិន កម្ពុជាក៏មានទំនាក់ទំនងយោធាបើកចំហជាមួយបណ្តាប្រទេសជាមិត្តដទៃទៀតផងដែរ តួយ៉ាងកម្ពុជាធ្លាប់បានធ្វើសមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាមេរិកចំនួន៧លើករួចមកហើយចាប់ពីឆ្នាំ២០១០ ក្រោមប្រធានបទ «ឆ្មាំអង្គរ» ហើយកងទ័ពកម្ពុជា និងកងទ័ពសហរដ្ឋអាមេរិក ក៏គ្រោងនឹងរៀបចំសមយុទ្ធរួមគ្នា «ឆ្មាំអង្គរ ២០២៧» (Angkor Sentinel 2027) ឡើងវិញនៅដើមឆ្នាំ២០២៧ ខាងមុខ បន្ទាប់ពីបានផ្អាកអស់រយៈពេល ១០ឆ្នាំ។

ទន្ទឹមនឹងនេះ ដើម្បីឱ្យសមយុទ្ធនាគមាស ២០២៦ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន ៥ចំណុច ដល់គណៈកម្មការដឹកនាំសមយុទ្ធ ទីបញ្ជាការចម្រុះ និងកងកម្លាំងទាំងពីរ រួមមាន៖ ការពង្រឹងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ, ការយកចិត្តទុកដាក់ខ្ពស់បំផុតលើបញ្ហាសុវត្ថិភាព ១០០%, ការគោរពវិន័យកងទ័ព និងបទបញ្ជាផ្ទៃក្នុង, ការពង្រឹងការសម្របសម្រួល និងការផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ចៀសវាងការភាន់ច្រឡំ ព្រមទាំងការបូកសរុប និងដកពិសោធន៍ឱ្យបានស៊ីជម្រៅ ខណៈអគ្គបញ្ជាការដ្ឋានក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្បែរតំបន់សមយុទ្ធ កុំមានការភិតភ័យចំពោះសកម្មភាពចល័តទ័ព ឬការប្រើប្រាស់គ្រាប់ពិតក្នុងអំឡុងពេលហ្វឹកហ្វឺននេះផងដែរ៕