FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម ហើយកម្ពុជានឹងទទួលតំណែងប្រធាន CLMV បន្ត (Video inside)

25-11-2026 10:12

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះ កម្ពុជាក៏នឹងទទួលតំណែងជាប្រធានកិច្ចប្រជុំកំពូល CLMV បន្តពីប្រទេសវៀតណាមផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ដំណើរអញ្ជើញចូលរួមនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ឡេ មិញហ៉ឹង នាយករដ្ឋមន្ត្រីវៀតណាម និង លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា។ អញ្ជើញអមដំណើរសម្តេចធិបតី រួមមាន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, បនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល តំណាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។

ខ្លឹមសារស្នូលនៃកិច្ចប្រជុំកំពូលទាំងពីរ៖កិច្ចប្រជុំកំពូល ACMECS លើកទី១១ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ការពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកអេកម៉ិកដែលមានភាពឆ្លាតវៃ និងចីរភាព» ដើម្បីវាយតម្លៃវឌ្ឍនភាពដែលសម្រេចបាន និងស្វែងរកមធ្យោបាយជំរុញបន្ថែមទៀតនូវការតភ្ជាប់ក្នុងតំបន់ នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

កិច្ចប្រជុំកំពូល CLMV លើកទី១២ នឹងរៀបចំឡើងក្រោមមូលបទ «ការតភ្ជាប់តំបន់ CLMV - ការទាញយកសក្តានុពល - ការកសាងអនាគតប្រកបដោយវិបុលភាព» ដោយពិនិត្យសមិទ្ធផល និងកំណត់ទិសដៅអនាគត ផ្អែកលើស្មារតីមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូសេដ្ឋកិច្ច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ការតភ្ជាប់ក្នុងអនុតំបន់ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងបួន។

ក្រៅពីកិច្ចប្រជុំកំពូលខាងលើ សម្តេចនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយសមភាគី ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមកផងដែរ៕