FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ

24-11-2026 20:06

(ភ្នំពេញ)៖ ក្រុមហ៊ុន CP របស់ថៃ បានប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំង​ប្រទេស​កម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៦នេះតទៅ។

ម៉ាត 7-Eleven ដែលជាម៉ាតលក់ភាគច្រើនជាផលិតផលថៃ មានការពេញនិយមខ្លាំងពីយុវវ័យកម្ពុជា មុនពេលមានសង្គ្រាមឈ្លានពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានាឆ្នាំ​២០​២៥​។ ក្រោយមានសង្គ្រាមឈ្លានពាននេះ ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វ័យ នាំគ្នាលែងចូល​ម៉ាត​នេះតែ​ម្តង។

ក្រុមហ៊ុន CP All Plc បានប្រកាសថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការអាជីវកម្ម 7-Eleven នៅកម្ពុជាចាប់​ពីថ្ងៃទី ២៥ ខែធ្នូ។ នៅក្នុងសេចក្តីជូនដំណឹងទៅកាន់ផ្សារមូលបត្រនៃប្រទេសថៃ នៅថ្ងៃអង្គារនេះ ក្រុម​ហ៊ុន​បានឱ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងស្របតាមលក្ខខណ្ឌដែលបាន​ព្រមព្រៀង​គ្នាទៅ​វិញ​ទៅមករវាងក្រុមហ៊ុន CP All និងម្ចាស់ពាណិជ្ជសញ្ញា 7-Eleven ដែលមានមូលដ្ឋាននៅ​សហរដ្ឋ​អាមេរិក។

ក្រុមហ៊ុន CP All បានចូលទីផ្សារកម្ពុជាក្នុងឆ្នាំ២០២១ ដោយបង្កើតក្រុមហ៊ុន CP All (Cambodia) Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងដែលកាន់កាប់សិទ្ធិអាជីវកម្មមេសម្រាប់ម៉ាក 7-Eleven ក្រោមកិច្ចព្រមព្រៀងរយៈពេល៣០ឆ្នាំ។

ក្រុមហ៊ុន CP All ដំណើរការហាង 7-Eleven ជាង ១៦,០០០ កន្លែងនៅក្នុងប្រទេសថៃ ហើយមាន​សាខាចំនួន ១១២ នៅក្នុងប្រទេសកម្ពុជានៅចុងឆមាសទីមួយនៃឆ្នាំ២០២៥។

ចំនួនសាខាបានធ្លាក់ចុះមកត្រឹម៦៣ នៅចុងត្រីមាសទីមួយនៃឆ្នាំ២០២៦ និងសល់ត្រឹម ២៣ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា៕