FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋនៅភូមិរង់ចាំ ទទួលបានការយកចិត្តទុកដាក់ពីព្រឹទ្ធសភា ក្នុងការពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ

24-11-2026 19:21

(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងការចង្អុលបង្ហាញពីលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមមាន៖ ខេត្តបាត់ដំបង សៀមរាប ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ ដឹកនាំដោយលោក ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានដឹកនាំសហការជាមួយខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃក្រុមហ៊ុន Laboratoire Bioderma មកពីប្រទេសបារាំង ចុះរៀបចំពិធីពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមណ្ឌលសុខភាព រង់ចាំ ស្ថិតក្នុងភូមិរងចាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ រយៈពេលពីរថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក ប៉ុល លឹម ប្រធានក្រុម បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងលោកបណ្ឌិត ធន់ វឌ្ឍនាអនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកទទួលការពិនិត្យព្យាបាលជំងឺនាពេលនេះ។

លោកប្រធានក្រុមភូមិភាគទី៤ បានគូសបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង បានចុះមកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅខេត្តបន្ទាយមានជ័យ។ កាយវិការ និងសកម្មភាពមនុស្សធម៌នេះ ស្តែងចេញពីទឹកចិត្តអាណិត ស្រឡាញ់ និងចូលចិត្តបងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារការឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា ពីសំណាក់ទាហានថៃ។

ជាមួយគ្នានោះ លោកបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសុខភាពផ្ទាល់ខ្លួន និងអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ ដោយមានប្រសាសន៍សង្កត់ធ្ងន់ថា «សំខាន់ខ្លាំងណាស់ ថ្នាំពេទ្យដែលយើងទទួលយកហើយនេះ សូមបងប្អូនពិសាឱ្យបានទៀងទាត់តាមវេជ្ជបញ្ជា។ សូមប្រុងប្រយ័ត្នចំពោះការហូបចុក ត្រូវធ្វើអនាម័យជាប់ជាប្រចាំ ហើយប្រសិនបើមានអាការៈឈឺថ្កាត់ សូមប្រញាប់ផ្តល់ព័ត៌មានឱ្យបានលឿនដល់អ្នកជិតខាង ឬអាជ្ញាធរ ដើម្បីជួយសង្គ្រោះទាន់ពេលវេលា កុំទុករហូតដល់ជំងឺធ្ងន់ធ្ងរ»។

ពាក់ព័ន្ធនឹងស្ថានការណ៍ប្រទេសជាតិ និងក្តីកង្វល់របស់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្តោះអាសន្នឆ្ងាយពីភូមិកំណើត ឯកឧត្តមប្រធានក្រុមភូមិភាគទី៤ បានជម្រាបជូនបងប្អូនឱ្យមានភាពកក់ក្តៅ និងជឿជាក់លើការដឹកនាំប្រកបដោយគិតិបណ្ឌិតខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ បាននិងកំពុងខិតខំប្រឹងប្រែងតវ៉ាទាមទារឱ្យភាគីថៃបញ្ឈប់សកម្មភាពរំលោភបំពាន ហើយដកថយចេញពីទីតាំងដែលបានឈ្លានពាន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយើងអាចវិលត្រឡប់ទៅរស់នៅក្នុងភូមិឋានដើមវិញបានឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព។

លោកបានបញ្ជាក់បន្ថែមថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាត ចំពោះខ្សែរបន្ទាត់ព្រំដែន ដែលកើតឡើងដោយការប្រើបាស់កម្លាំងប្រដាប់អាវុធ។ ហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ បន្តរក្សាសាមគ្គីភាព ឯកភាពជាតិជាធ្លុងមួយ ជុំវិញបញ្ហាបូរណភាពទឹកដី និងអធិបតេយ្យជាតិមាតុភូមិនៃយើងទាំងអស់គ្នា។

ជាចុងក្រោយ លោកប្រធានក្រុមភូមិភាគទី៤ បានអរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំខេត្ត ស្រុក អាជ្ញាធរពាក់ព័ន្ធ និងក្រុមគ្រូពេទ្យ ដែលបានជួយសម្របសម្រួល និងសហការយ៉ាងរលូនឱ្យមានពិធីពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាពេលនេះ។

ជាលទ្ធផលនៃការចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងរយៈពេលពីរថ្ងៃនេះ មានប្រជាពលរដ្ឋមកទទួលការពិនិត្យ និងព្យាបាលជំងឺសរុបចំនួន ៦៩៥នាក់ (ស្រ្តី ៤៦៧នាក់) និងអ្នកជំងឺដែលត្រូវបន្តតាមដានចំនួន ២៥នាក់៕