FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ស៊ុំ ប៊ុនហុង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប ឆ្នាំ២០២៦» នៅខេត្តរតនគិរី

24-11-2026 18:33

(រតនគិរី)៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ស៊ុំ ប៊ុនហុង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប ឆ្នាំ២០២៦» នៅខេត្តរតនគិរី។

ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប​ លើចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលមន្ត្រីរាជការបានទទួលពីវគ្គសិក្សា ព្រមទាំងជំរុញការយកចំណេះដឹងទាំងនេះទៅអនុវត្តក្នុងការបំពេញតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាព។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស៊ុំ ប៊ុនហុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងចូលរួមរៀនសូត្ររបស់សិក្ខាកាមទាំងអស់ ព្រមទាំងបានលើកទឹកចិត្តឱ្យមន្ត្រីរាជការបន្តពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈរបស់ខ្លួនជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារ និងការវិវឌ្ឍនៃសង្គម។

ឯកឧត្តមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តចំណេះដឹងដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលទៅក្នុងការងារជាក់ស្ដែង ដោយប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ វិន័យ សីលធម៌វិជ្ជាជីវៈ និងការបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

វគ្គបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ធនធានមនុស្ស និងពង្រឹងសមត្ថភាពស្ថាប័ន គ.ជ.ប ឱ្យកាន់តែរឹងមាំ ដើម្បីបំពេញបេសកកម្ម និងភារកិច្ចរបស់ខ្លួនក្នុងការរៀបចំ និងគ្រប់គ្រងការបោះឆ្នោតនៅកម្ពុជា ប្រកបដោយវិជ្ជាជីវៈ ប្រសិទ្ធភាព និងទំនុកចិត្តពីសាធារណជន។