FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុណ្យកឋិនទានសាមគ្គី វត្តមុនីសោភ័ណ (សំរោងយា) ប្រមូលបច្ច័យបាន២៦លានរៀល សម្រាប់បន្តសាងសង់ព្រះវិហារ

24-11-2026 17:21

(ពោធិ៍សាត់)៖ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ អាចារ្យ គណៈកម្មការ អាជ្ញាធរដែនដី និងពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ប្រកបដោយសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា បានមូលមតិគ្នាផ្តួចផ្តើមប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី ដើម្បីវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមា វត្តមុនីសោភ័ណ (ហៅវត្តសំរោងយា) ស្ថិតនៅភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ពិធីបុណ្យនេះក៏មានការនិមន្តផ្តល់កិត្តិយសពី ព្រះគ្រូ សៅរ៍ សុជាតិ ព្រះវិចិត្រព្រហ្មធម៌ខេត្ត និងជាព្រះចៅអធិការវត្តកែវឧត្តម (ហៅវត្តកណ្តាល) ដោយប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃចន្ទ-អង្គារ ១៤-១៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៦ ប្រកបដោយភាពអធិកអធម និងស្របតាមគន្លងព្រះពុទ្ធសាសនា។

ក្នុងឱកាសនោះ ព្រះគ្រូយស្សសុវណ្ណោ ញឹម សាវឿន ព្រះធម្មធរអនុគណស្រុកភ្នំក្រវាញ និងជាព្រះចៅអធិការវត្តមុនីសោភ័ណ (ហៅវត្តសំរោងយា) មានសង្ឃដីកាជម្រាបជូនអំពីវឌ្ឍនភាពនៃទីវត្តអារាមថា វត្តមុនីសោភ័ណ ជាវត្តថ្មីដែលទើបចាប់ផ្តើមកសាងនៅឆ្នាំ២០១៣ លើផ្ទៃដីជាង២ហិកតា។ រហូតមកដល់បច្ចុប្បន្ន វត្តទទួលបានសមិទ្ធផលមួយចំនួនដូចជា សាលាឆាន់ (សាលាភត្ត) ១ខ្នង កុដិថ្ម២ខ្នង ផ្ទះបាយ រោងទទួលភ្ញៀវ ការចាក់សាប និងប៉ោតទឹក១។

ព្រះអង្គបន្តថា ស្ថិតក្នុងស្ថានភាពខ្វះខាត កាលពីឆ្នាំ២០២៥ គណបក្សប្រជាជនកម្ពុជាខេត្ត រួមជាមួយក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ បានផ្តួចផ្តើមបុណ្យកឋិនទានសាមគ្គីវេរប្រគេនបច្ច័យចំនួន ១៥០លានរៀល និងបានចាប់ផ្តើមកសាងព្រះវិហារ នៅដើមខែមីនា ឆ្នាំ២០២៦ ដែលគិតមកដល់ពេលនេះសម្រេចបានប្រមាណ ២០%ហើយ។

ព្រះគ្រូចៅអធិការមានសង្ឃដីកាបញ្ជាក់បន្ថែមថា អង្គកឋិនទានសាមគ្គីឆ្នាំនេះ ប្រមូលបច្ច័យបានចំនួន ២៦លានរៀល រួមជាមួយ ត្រៃធំ ២០, លៀង ២៥ និងស៊ីម៉ងត៍ ៥តោន ដើម្បីរួមចំណែកបន្តការកសាងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្ត។

ព្រះអង្គក៏បានពន្យល់ពីអត្ថន័យនៃកឋិនទានថា ជាបុណ្យពិសេសដែលមានតែក្នុងព្រះពុទ្ធសាសនា និងមានកំណត់ពេលវេលាច្បាស់លាស់ គឺរយៈពេល ២៩ថ្ងៃ ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ហើយវត្តនីមួយៗអាចប្រារព្ធបានតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ ខណៈផលានិសង្ឃផ្អែកលើចេតនាទាំងបី សទ្ធា បញ្ញា និងសម្ភារៈបរិក្ខារ។

ទន្ទឹមនេះ ព្រះគ្រូចៅអធិការបានលើកឡើងថា វិស័យព្រះពុទ្ធសាសនា និងសង្គមជាតិមានការរីកចម្រើនឡើងវិញក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ។ ព្រះអង្គបានគូសបញ្ជាក់ថា វត្តអារាមជាមជ្ឈមណ្ឌលអប់រំសីលធម៌ ឥរិយាបថ និងវប្បធម៌ប្រពៃណីខ្មែរសម្រាប់កូនចៅជំនាន់ក្រោយ និងជាកម្លាំងសាមគ្គីចូលរួមអភិវឌ្ឍប្រទេសជាតិ។

ក្នុងនាមព្រះចៅអធិការវត្ត ព្រះអង្គបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ អាជ្ញាធរ ញាតិញោម និងពុទ្ធបរិស័ទជិតឆ្ងាយដែលបានចូលរួមបរិច្ចាគធនធាន និងសម្ភារៈ។ ព្រះអង្គក៏បានប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ ជន្មាយុយឺនយូរ និងបញ្ញាភ្លឺថ្លាដល់ពុទ្ធបរិស័ទទាំងអស់ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធជនរួមជាតិ និងវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រផងដែរ៕