លោក នួន ផារ័ត្ន ជំរុញពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងប្រសិទ្ធភាពការងារគណបក្សនៅថ្នាក់មូលដ្ឋានខេត្តកំពង់ធំ
24-11-2026 17:16
(កំពង់ធំ)៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក នួន ផារ័ត្ន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងស្តាប់របាយការណ៍ការងារជាមួយថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការគណបក្សឃុំច្រនាងនិងឃុំស្រឡៅ ស្រុកតាំងគោក ឃុំក្រវ៉ា ស្រុកបារាយណ៍ និងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងគោលបំណងពង្រឹងរចនាសម្ព័ន្ធដឹកនាំគណបក្សនៅមូលដ្ឋាន តាមដានវឌ្ឍនភាពការងារ និងដាក់ចេញនូវទិសដៅអនុវត្តការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព។
លោក នួន ផារ័ត្ន បានផ្តោតការយកចិត្តទុកដាក់លើការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរបស់គណបក្ស ដោយជំរុញឱ្យថ្នាក់ដឹកនាំ និងសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ប្រកាន់ខ្ជាប់នូវវិន័យ ស្មារតីទទួលខុសត្រូវ និងការសហការគ្នាក្នុងការអនុវត្តភារកិច្ច ព្រមទាំងគោរពគោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ដើម្បីធានាឱ្យការដឹកនាំ និងការគ្រប់គ្រងការងារមានភាពច្បាស់លាស់ និងមានប្រសិទ្ធភាព។
លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្សព្វផ្សាយគោលនយោបាយ និងទិសដៅការងាររបស់គណបក្សឱ្យបានទូលំទូលាយដល់សមាជិក និងប្រជាពលរដ្ឋ ព្រមទាំងការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់គណបក្សនៅថ្នាក់ឃុំ។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់លើការរៀបចំរចនាសម្ព័ន្ធចាត់តាំងឱ្យបានច្បាស់លាស់ ស្របតាមតួនាទី និងភារកិច្ច ព្រមទាំងគោរពឋានានុក្រមដឹកនាំ និងរបបសន្និបាតរបស់គណបក្ស។
លោកបានលើកឡើងពីការពង្រឹងរបបរាយការណ៍ និងការសុំយោបល់ពីថ្នាក់ដឹកនាំ ការរៀបចំកិច្ចប្រជុំជីវភាពគណបក្សឱ្យបានទៀងទាត់ និងការបង្កើនប្រសិទ្ធភាពនៃការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តការងារ ដើម្បីស្វែងរកចំណុចខ្វះខាត និងដាក់ចេញវិធានការកែលម្អឱ្យបានទាន់ពេលវេលា។ ចំពោះការរៀបចំបេក្ខជនឈរឈ្មោះបោះឆ្នោតសាកល្បង ក៏ត្រូវយកចិត្តទុកដាក់លើការរៀបចំ និងការអនុវត្តតាមគោលការណ៍ និងនីតិវិធីរបស់គណបក្ស។
លោកបានជំរុញឱ្យថ្នាក់ដឹកនាំ និងសមាជិកគណបក្សនៅមូលដ្ឋានបន្តចុះជួបប្រជាពលរដ្ឋ ស្តាប់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានា ព្រមទាំងផ្សព្វផ្សាយព័ត៌មានត្រឡប់ទៅប្រជាពលរដ្ឋវិញឱ្យបានច្បាស់លាស់។ ការចុះមូលដ្ឋាននេះត្រូវភ្ជាប់ជាមួយការជំរុញឱ្យសមាជិកគណបក្សចូលរួមបម្រើប្រជាពលរដ្ឋ និងរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើន។
សូមជម្រាបថា ការជួបសំណេះសំណាលនេះលោក នួន ផារ័ត្ន ប្រធានគណបក្ស បានបង្ហាញពីការយកចិត្តទុកដាក់លើការពង្រឹងការងារគណបក្សនៅថ្នាក់មូលដ្ឋាន ដោយផ្តោតលើសាមគ្គីភាព ឯកភាពផ្ទៃក្នុង ការគោរពវិន័យ និងការទទួលខុសត្រូវ ព្រមទាំងការបង្កើនសមត្ថភាពក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព៕



























