FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី នេត្រ ភក្ត្រា រួមជាមួយពុទ្ធបរិស័ទ ដង្ហែអង្គកឋិនទានមហាសាមគ្គី វេរប្រគេនព្រះសង្ឃនៅវត្តព្រះវិហារធំសសរ១០០ ខេត្តក្រចេះ

24-11-2026 16:44

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ថ្នាក់ដឹកនាំខេត្ត ស្រុក និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនកុះករ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមដង្ហែអង្គកឋិនទានមហាសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់រយៈពេលបីខែ នៅវត្តព្រះវិហារធំសសរ១០០ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។

អង្គកឋិនទានមហាសាមគ្គីនេះ បានប្រារព្ធឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមបរិយាកាសសប្បាយរីករាយ ប្រកបដោយសទ្ធាជ្រះថ្លា និងសាមគ្គីភាពរវាងពុទ្ធបរិស័ទ។ ការជួបជុំគ្នាក្នុងឱកាសនេះ បានបង្ហាញពីស្មារតីរួបរួមសាមគ្គីគ្នាក្នុងការធ្វើបុណ្យកុសល ការចែករំលែកសទ្ធាជ្រះថ្លា និងការចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ។

ពិធីបុណ្យកឋិនទាន គឺជាបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធបរិស័ទប្រារព្ធឡើងក្រោយពេលព្រះសង្ឃគង់ចាំព្រះវស្សាអស់រយៈពេលបីខែ ដោយនាំយកចីវរ និងទេយ្យទានផ្សេងៗទៅវេរប្រគេនព្រះសង្ឃ ដើម្បីបំពេញបុណ្យកុសល និងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិការទាំងឡាយដែលបានចែកឋានទៅកាន់បរលោក។

តាមព្រះវិន័យព្រះពុទ្ធសាសនា កឋិនកាលមានរយៈពេល២៩ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែអស្សុជ រហូតដល់ថ្ងៃ១៥កើត ខែកត្តិក។ ក្នុងរយៈពេលនេះ វត្តនីមួយៗអាចទទួលអង្គកឋិនទានបានតែមួយលើកប៉ុណ្ណោះ ដោយថ្ងៃប្រារព្ធត្រូវកំណត់តាមការរៀបចំ និងការឯកភាពរបស់ព្រះសង្ឃក្នុងវត្ត។ ការប្រគេនអង្គកឋិនទានមានចីវរ និងទេយ្យទានផ្សេងៗ ដូចជា គ្រឿងឧបភោគបរិភោគ ឱសថ និងបច្ច័យ ដើម្បីរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនា និងបំពេញតម្រូវការនានាក្នុងវត្តអារាម។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្តែងនូវសេចក្តីសប្បាយរីករាយដែលបានជួបជុំជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីរួមគ្នាប្រារព្ធពិធីបុណ្យកឋិនទានមហាសាមគ្គីនេះ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ទោះបីជាយើងមិនមែនរស់នៅក្នុងស្រុក ភូមិ ឃុំជាមួយគ្នាក៏ដោយ ប៉ុន្តែយើងបានជួបជុំគ្នា និងរួមគ្នាប្រារព្ធពិធីបុណ្យកឋិនទានមហាសាមគ្គីនៅវត្តព្រះវិហារធំសសរ១០០ ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីប្រមូលបច្ច័យវេរប្រគេនព្រះសង្ឃ សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តអារាម ព្រមទាំងឱ្យយើងទាំងអស់គ្នាបានទទួលនូវកុសលផលបុណ្យរួមគ្នា»។

ក្រៅពីជាការបំពេញបុណ្យកុសលតាមគន្លងព្រះពុទ្ធសាសនា បុណ្យកឋិនទានក៏ជាព្រឹត្តិការណ៍សង្គម និងវប្បធម៌ដ៏មានអត្ថន័យ ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋ បងប្អូនញាតិមិត្ត និងពុទ្ធបរិស័ទបានជួបជុំគ្នា ពង្រឹងចំណងសាមគ្គីភាព និងរួមគ្នាកសាងសមិទ្ធផលនានាក្នុងវត្តអារាម។ ជាពិសេស ពិធីបុណ្យនេះបានបង្ហាញពីការរួបរួមគ្នារបស់ប្រជាពលរដ្ឋក្នុងការថែរក្សា និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ព្រមទាំងបន្តអភិរក្សមរតកប្រពៃណីវប្បធម៌ជាតិឱ្យបានគង់វង្សតទៅ៕