FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៉ឺ បាវី និង លោក សួន សុម៉ាលីន ដឹកនាំក្រុមការងារចុះទស្សនកិច្ចគាំទ្រផលិតផលកសិកម្មរបស់សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច

24-11-2026 15:50

(ព្រៃវែង)៖ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រះស្ដេច និងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកស្រី នៅថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០២៦ បានដឹកនាំប្រតិភូអញ្ជើញចុះទស្សនកិច្ចនៅសហគមន៍កសិកម្មទំនើបស្រុកព្រះស្ដេច ដើម្បីជំរុញ និងលើកកម្ពស់ការគាំទ្រផលិតផលកសិកម្មដែលផលិតដោយសមាជិកសហគមន៍ ព្រមទាំងផ្តល់ការលើកទឹកចិត្ត និងស្វែងយល់ពីវឌ្ឍនភាពការងារជាក់ស្តែងនៅមូលដ្ឋាន។

ក្នុងឱកាសនោះ លោក ហ៉ឺ បាវី និងលោក សួន សុម៉ាលីនអភិបាលខេត្ត និងក្រុមការងារ បានចុះទៅកាន់សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ស្ថិតក្នុងភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច ដើម្បីជួបសំណេះសំណាលជាមួយគណៈកម្មាធិការ សមាជិកសហគមន៍ និងមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងទស្សនា និងគាំទ្រការប្រមូលផលត្រសក់ផ្អែមក្នុងផ្ទះសំណាញ់ ដែលបច្ចុប្បន្នសាងសង់បានចំនួន៦៩ខ្នង នៃផែនការសរុប ២៥១ខ្នង សម្រាប់ផ្គត់ផ្គង់ទីផ្សារទំនើបតាមស្តង់ដាសុវត្ថិភាព (GAP)។

សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលបានទទួលស្គាល់ជាផ្លូវការដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កាលពីចុងឆ្នាំ២០២៥ កំពុងបោះជំហានយ៉ាងរឹងមាំក្នុងការលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មកសិកម្ម។ បច្ចុប្បន្ន សហគមន៍មានសមាជិកសរុប ១៧៦នាក់ ដឹកនាំដោយក្រុមប្រឹក្សាភិបាល ៥នាក់ និងគណៈកម្មាធិការត្រួតពិនិត្យ ៣នាក់ ព្រមទាំងទទួលបានការគាំទ្រទុន និងបច្ចេកទេសពីក្រសួងកសិកម្ម មន្ទីរជំនាញ គម្រោងពិពិធកម្មកសិកម្ម ធនាគារ ARDB និងអាជ្ញាធរមូលដ្ឋាន។

មុខរបរសំខាន់ៗរបស់សហគមន៍ផ្តោតលើការផលិតបន្លែសុវត្ថិភាពតាមស្តង់ដារ GAP ផលិតកម្មសត្វ និងការផ្គត់ផ្គង់ធាតុចូលកសិកម្ម។ ក្នុងនោះ ដំណាំត្រសក់ផ្អែមត្រូវបានចាត់ទុកជាអាទិភាពចម្បង ដែលការប្រមូលផលជំហានដំបូងលើផ្ទះសំណាញ់ ៣ខ្នង ទទួលបានទិន្នផល ២.១០០គីឡូក្រាម និងបានចែកចាយទៅផ្សារទំនើបធំៗនៅរាជធានីភ្នំពេញ។ ឈានដល់ជំហានទីពីរ សហគមន៍បានពង្រីកការដាំដុះលើផ្ទះសំណាញ់ ១១ខ្នងបន្ថែមទៀត ដោយរំពឹងថានឹងប្រមូលផលបានប្រមាណ ៧.៧០០គីឡូក្រាម សម្រាប់ផ្គត់ផ្គង់ដល់ដៃគូពាណិជ្ជកម្មនានា។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ សហគមន៍បាននិងកំពុងបន្តពង្រីកការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្ទះសំណាញ់បន្ថែមទៀត ដោយសម្រេចបាន ៦៩ខ្នង ស្មើនឹង ២៧,៤៩% នៃផែនការសរុប ២៥១ខ្នង ដែលជាចលករយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូលជូនកសិករ និងជំរុញវិស័យកសិកម្មទំនើបប្រកបដោយចីរភាព។

ការចុះជួបផ្ទាល់ពីសំណាក់លោកលោក ហ៉ឺ បាវី និងលោកសួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកស្រី ព្រមទាំងក្រុមការងារនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្តព្រៃវែង និងក្រុមការងារចុះជួយមូលដ្ឋាន ស្រុកព្រះស្ដេច ក្នុងការជំរុញខ្សែច្រវាក់ផលិតកម្មកសិកម្មទំនើប ពង្រីកទីផ្សារកសិផល និងលើកកម្ពស់ជីវភាពប្រជាកសិករឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព៕