ក្រុមបាល់ទាត់អ្នកសារព័ត៌មានកម្ពុជា និងក្រុមបាល់ទាត់ធនាគារ ARDB នឹងត្រូវប្រកួតមិត្តភាពនៅថ្ងៃសុក្រចុងសប្តាហ៍នេះ
24-11-2026 15:06
(ភ្នំពេញ)៖ ក្រុមបាល់ទាត់អ្នកសារព័ត៌មានកម្ពុជា (Cambodia Media Football) និងក្រុមបាល់ទាត់ធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នឹងត្រូវជួបគ្នាក្នុងជំនួបមិត្តភាព នៅលើវាលស្មៅនៃតារាងបាល់ទាត់សុខៈ ជាលើកដំបូង នាម៉ោង ៦ដល់ម៉ោង៨យប់ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡានៅកម្ពុជា ជាពិសេសរឹតចំណងមិត្តភាព។
ក្រុមបាល់ទាត់អ្នកសារព័ត៌មាន ដឹកនាំដោយលោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News ហើយមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនទៀតរួមមាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល, អង្គភាពប្រតិកម្មរហ័ស, ទូរទស្សន៍ជាតិកម្ពុជា (TVK) , ទីភ្នាក់ងារព័ត៌មានជាតិ (AKP), សារព័ត៌មានភ្នំពេញប៉ុស្តិ៍, សារព័ត៌មាន AMS, ទូរទស្សន៍ CNC, សារព័ត៌មាន KiriPost, សារព័ត៌មាន KhmerTime, សារព័ត៌មានកម្ពុជាថ្មី, សារព័ត៌មាន CCTimes, សារព័ត៌មាន Camboja, សារព័ត៌មានថ្មីៗ និងសារព័ត៌មានឧកញ៉ា News ជាដើម។
សូមជម្រាបថា នេះជាការប្រកួតមិត្តភាពលើកទី៤ របស់ក្រុមសារព័ត៌មានកម្ពុជា បន្ទាប់ពីប្រកួតមិត្តភាពចំនួនពីរលើកជាមួយ ក្រុមបាល់ទាត់សមាគមធនាគារនៅកម្ពុជា និង១លើកជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ដូចលើកមុនៗដែរការប្រកួតមិត្តភាពនេះ មិនផ្តោតខ្លាំងទៅលើលទ្ធផលនោះទេ ប៉ុន្តែការជួបគ្នានៅលើវាលស្មៅ ដើម្បីរឹតចំណងមិត្តភាពរវាងវិស័យព័ត៌មាន និងស្ថាប័នផ្សេងៗ ឱ្យកាន់តែស៊ីជម្រៅថែមទៀត បន្ថែមទៅលើទំនាក់ទំនងតាមរយៈការបំពេញការងារកន្លងមក។
ក្រុមបាល់ទាត់អ្នកសារព័ត៌មានកម្ពុជា សូមអរគុណដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលតែងតែចូលរួមឧបត្ថម្ភ ក្នុងការទ្រទ្រង់សកម្មភាពនៃការប្រកួតនានា របស់ក្រុមបាល់ទាត់អ្នកសារព័ត៌មានកម្ពុជា៕





