FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកសម្រេចដាក់ក្រុមហ៊ុន Megaspeed ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ជុំវិញការសង្ស័យបង្វែរបន្ទះឈីប Nvidia ទៅឱ្យចិន (Video inside)

24-11-2026 13:39

(បរទេស)៖ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានសម្រេចដាក់បញ្ចូលក្រុមហ៊ុន Megaspeed ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវា Cloud មានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងជាដៃគូរបស់ក្រុមហ៊ុន Nvidia ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម (Entity List) ជាផ្លូវការ។ ចំណាត់ការតឹងរ៉ឹងនេះ ធ្វើឡើងបន្ទាប់ពីរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សមាជិកសភា និងមន្ត្រីជាន់ខ្ពស់អាមេរិក ជុំវិញការសង្ស័យថាក្រុមហ៊ុននេះបានលួចបង្វែរបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់ទៅឱ្យប្រទេសចិន។

ការសម្រេចនេះ នឹងធ្វើឱ្យក្រុមហ៊ុន Megaspeed លែងអាចទទួលបានការនាំចេញបច្ចេកវិទ្យាពីសហរដ្ឋអាមេរិកបានដោយងាយស្រួលទៀតឡើយ ដោយតម្រូវឱ្យមានការអនុញ្ញាតពិសេសពីក្រសួងពាណិជ្ជកម្មអាមេរិក ដែលសំណើភាគច្រើនទំនងជានឹងត្រូវច្រានចោល។ ករណីនេះបានផ្ទុះការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីមានការសង្ស័យអំពីទំនាក់ទំនងរវាងថ្នាក់ដឹកនាំ Nvidia និងអតីតនាយកប្រតិបត្តិ Megaspeed រហូតធ្វើឱ្យរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent ចេញមុខរិះគន់លើចំណាត់ការយឺតយ៉ាវរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងជំរុញឱ្យ Nvidia ត្រួតពិនិត្យអតិថិជនរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីការពារការលេចធ្លាយបច្ចេកវិទ្យា។

ជាការឆ្លើយតប Nvidia បានអះអាងពីការបង្កើតគណៈកម្មាធិការគ្រប់គ្រងការនាំចេញ ដើម្បីធានាការអនុលោមតាមច្បាប់ពាណិជ្ជកម្ម និងសន្តិសុខជាតិ ខណៈ Megaspeed បានច្រានចោលការចោទប្រកាន់ ដោយបញ្ជាក់ថាខ្លួនតែងតែប្រកបអាជីវកម្មស្របច្បាប់។ វិធានការក្តៅរបស់ក្រសួងពាណិជ្ជកម្មអាមេរិកនាពេលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការរឹតបន្តឹងកាន់តែខ្លាំងរបស់រដ្ឋបាលវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់មិនឱ្យបច្ចេកវិទ្យាឈានមុខរបស់ខ្លួនធ្លាក់ទៅក្នុងដៃគូប្រជែងឡើយ៕