មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះតាមតំបន់ឆ្នេរ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងធានាភាពកក់ក្តៅជូនប្រជាពលរដ្ឋ
24-11-2026 13:28
(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដឹកនាំកម្លាំងដោយផ្ទាល់ ចុះតាមតំបន់ឆ្នេរ និងស្នាក់ការសន្តិសុខ ប្រតិបត្តិការយាមល្បាត និងដាក់កម្លាំងឈរជើងតាមគោលដៅសំខាន់ៗ ជាពិសេសតំបន់ទីប្រជុំជន ឆ្នេរសមុទ្រ និងរមណីយដ្ឋាននានា។
លោកឧត្តមសេនីយ៍ត្រី បានឲ្យដឹងថា ប្រតិបត្តិការនេះមានគោលបំណងពង្រឹងសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈ និងជជែកលេង សួរសុខទុក្ខ ដើម្បីធានាភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានគូសបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថបានត្រៀមខ្លួនជាស្រេច ដើម្បីបង្ការ ទប់ស្កាត់ និងអន្តរាគមន៍ដោះស្រាយរាល់ហេតុការណ៍ដែលអាចកើតមាន ព្រមទាំងផ្តល់ជំនួយសង្គ្រោះបានទាន់ពេលវេលា ក្នុងគោលបំណងធានាឱ្យការប្រារព្ធពិធីបុណ្យប្រព្រឹត្តទៅដោយរលូន សប្បាយរីករាយ និងមានសុវត្ថិភាព។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៦ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា។ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បន្តប្តេជ្ញាចិត្តក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់រូប។ សន្តិសុខល្អ សុវត្ថិភាពខ្ពស់ រួមចំណែកលើកកម្ពស់ទេសចរណ៍ខេត្តព្រះសីហនុ៕



















