នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
24-11-2026 13:08
(ភ្នំពេញ)៖ នាវាចម្បាំងរបស់ចិនចំនួន៣គ្រឿង បានចូលមកដល់មូលដ្ឋានសមុទ្ររាមក្នុងខេត្តព្រះសីហនុ ដោយបាននាំមកជាមួយកងទ័ព និងយុទ្ធោបករណ៍ជាច្រើន ដើម្បីចូលរួមធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃនៅកម្ពុជា។
ការមកដល់នៃនាវារបស់ចិន ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម។ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា ដឹកសម្ភារៈយោធារបស់កងទ័ពរំដោះប្រជាជនចិន និងកងទ័ពចិន បានចូលចតនៅឯកំពង់ផែមូលដ្ឋានរាម ព្រមទាំងដឹកជញ្ចូនសម្ភារៈមកកាន់ទីលានសមយុទ្ធផ្សេងទៀតដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងការធ្វើសមយុទ្ធ។
បើតាមអ្នកនាំពាក្យរូបនេះ ក្នុងអំឡុងពេលសមយុទ្ធ ភាគីទាំងពីរនឹងប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យាដ្រូន (Drone) និងការចល័តកងទ័ពទាំងលើទឹក លើគោក និងលើអាកាស។ ជាមួយគ្នានេះ ក៏មានសកម្មភាព ការងារសង្គម និងមនុស្សធម៌នៅតាមបណ្តាមូលដ្ឋានក្បែរតំបន់សមយុទ្ធជាដើម។
លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានលើកឡើងទៀតថា សមយុទ្ធរួមគ្នារវាងកងទ័ពប្រទេសទាំងពីរនេះធ្វើឡើងដើម្បីផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ បម្រើឱ្យការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មី ការផ្លាស់ប្ដូរបទពិសោធន៍ ការលើកកម្ពស់សមត្ថភាព និងលទ្ធភាពប្រយុទ្ធជាក់ស្តែងនៃកងទ័ពប្រទេសទាំងពីរជាដើម។
លោកឧត្តមសេនីយ៍បន្តថា ការចាប់ដៃគូធ្វើសមយុទ្ធជាមួយកងទ័ពចិន បានវិវត្តជាបន្តបន្ទាប់ទាំងវិសាលភាពនៃការហ្វឹកហ្វឺន ទាំងប្រភេទកម្លាំងទ័ពចូលរួម និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ការវិវត្តនេះ ជាឱកាសហ្វឹកហ្វឺនពង្រឹងសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ ដើម្បីបម្រើភារកិច្ចការពារជាតិ ការរួមចំណែកថែរក្សាសន្តិសុខ និងសន្តិភាពក្នុងតំបន់ និងពិភពលោក។
សូមបញ្ជាក់ថា កងទ័ពកម្ពុជា និងចិន ធ្វើសមយុទ្ធរួមគ្នាលើកទី៨ ក្នុងទ្រង់ទ្រាយធំរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦។ សមយុទ្ធ «នាគមាសឆ្នាំ២០២៦» មានទាំងលើគោក សមុទ្រ និងលើអាកាស។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា អនុលោមតាមកិច្ចសហប្រតិបត្តិការយោធារវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិចិន កងទ័ពនៃប្រទេសទាំងពីរនឹងរៀបចំសមយុទ្ធរួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មនិងចោរសមុទ្ររួមគ្នា និងការងារមនុស្សធម៌»។
សមយុទ្ធនេះ រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ការផ្លាស់ប្ដូរបទពិសោធ បង្កើនសមត្ថភាពកម្រិតជំនាញ និងការពង្រឹងចំណង មិត្តភាពដែកថែបរវាងកងទ័ពនៃប្រទេសទាំងពីរ។ សមយុទ្ធនេះ ក៏ផ្ដោតសំខាន់លើការប្រឆាំងភេរវកម្ម ការងារមនុស្សធម៌ និងការងារសង្គ្រោះដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការបានឲ្យដឹងទៀតថា ទីកន្លែង ដែលនឹងត្រូវធ្វើសមយុទ្ធនេះ ទី១៖ សមយុទ្ធលើគោក និងអាកាស នៅវិទ្យាស្ថាននាយទាហានចម្រុះ និងសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី, ទី២៖ សមយុទ្ធលើសមុទ្រ និងអាកាស នៅមូលដ្ឋានសមុទ្ររាម មូលដា្ឋនទ័ពអាកាសកងកេង និងតំបន់សមុទ្រ ខេត្តព្រះសីហនុ។
ក្នុងអំឡុងពេលសមយុទ្ធនេះ នឹងប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យា ដ្រូន (Drone) និងការចល័តកងទ័ពទាំងលើទឹក លើគោក និងលើអាកាស។ ជាមួយគ្នានេះ ក៏មានសកម្មភាពការងារសង្គម និងមនុស្សធម៌នៅតាមបណ្តាមូលដ្ឋានក្បែរតំបន់សមយុទ្ធជាដើម។
សមយុទ្ធនាគមាសរវាងកម្ពុជា-ចិននេះ បានចាប់ផ្ដើមធ្វើឡើងតាំងពីឆ្នាំ២០១៦មកម្ល៉េះ ពោល គឺមានចំនួន ៧លើករួចមកហើយ។ នៅឆ្នាំ២០១៧ សមយុទ្ធនេះ ត្រូវបានផ្អាកដោយហេតុផលជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ដោយឡែកនៅឆ្នាំ ២០២១ និង ឆ្នាំ២០២២ សមយុទ្ធនាគមាសក៏ត្រូវបានផ្អាកជាថ្មីម្តងទៀត ដោយសារតែប្រទេសទាំងពីរប្រឈមការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕



















