ទេសរដ្ឋមន្រ្តី គន់ គីម៖ VECONAC បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន
24-11-2026 12:50
(ឥណ្ឌូនេស៉ី)៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ប្រធាន VECONAC ឆ្នាំ២០២៦ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូជួបពិភាក្សាការងារជាមួយលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
ទេសរដ្ឋមន្រ្តី គន់ គីម សូមសម្តែងក្តីសោមនស្សរីករាយ ចំពោះការឆឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ អគ្គលេខាធិការអាស៊ាន ក្នុងជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់នាពេលនេះ។
ទេសរដ្ឋមន្រ្តី គន់ គីម បានបន្ដថា ក្នុងឋានៈជាប្រធាន VECONAC ឆ្នាំ២០២៦ ដែលបានធ្វើម្ចាស់ផ្ទះមហាសន្និបាត VECONAC កាលពីដើមខែតុលានេះ បានផ្តល់លទ្ធផលជាផ្លែផ្កាជាច្រើនទៅដល់បេសកកម្មរបស់សមាជិកនៃ VECONAC ដើម្បីជាឧត្តមប្រយោជន៍ដល់អតីតយុទ្ធជនក្នុងតំបន់។
សូមជម្រាបថា ជំនួបនេះផ្តោតលើការពង្រឹងទំនាក់ទំនងស្ថាប័ន ការបង្កើតលេខាធិការដ្ឋានអចិន្ត្រៃយ៍ VECONAC និងការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលវែង សំដៅលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជនប្រមាណ៧លាននាក់ ក្នុងប្រទេសសមាជិកអាស៊ានទាំង១១៕



























