អគ្គលេខាធិការព្រឹទ្ធសភា ផ្ញើសារលិខិតរំលែកទុក្ខជូន ឯកឧត្តម សួស យ៉ារ៉ា និងលោកជំទាវ ចំពោះមរណភាពរបស់ ឧបាសក សួស តិចឆាយ
24-11-2026 11:08
(ភ្នំពេញ)៖ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានផ្ញើសារលិខិតរំលែកទុក្ខជូនចំពោះ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសក សួស តិចឆាយ ត្រូវជាឪពុកបង្កើត ដែលបានទទួលមរណភាពក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ នៅប្រទេសបារាំង។
យោងតាមសារលិខិតចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧបាសក សួស តិចឆាយ បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ២:១៥នាទីទៀបភ្លឺ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង។
ក្នុងសារលិខិតរំលែកទុក្ខនោះ ឯកឧត្តម ឡាយ សំកុល បានគូសបញ្ជាក់ថា មរណភាពរបស់ ឧបាសក សួស តិចឆាយ គឺជាការបាត់បង់ឪពុកបង្កើត ស្វាមី និងជីតា ជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងមិនចេះរីងស្ងួត។ ក្នុងនាមជាមេគ្រួសារ ឧបាសក បានខិតខំជម្នះសព្វគ្រប់បែបយ៉ាងដើម្បីសុភមង្គលគ្រួសារ ហើយក្នុងនាមជាឪពុក ឧបាសក បានអប់រំ ទូន្មាន និងណែនាំកូនចៅឱ្យក្លាយជាពលរដ្ឋ និងធនធានដ៏ល្អប្រពៃសម្រាប់បម្រើសង្គមជាតិ។
ជាទីបញ្ចប់ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានសម្តែងនូវការសោកស្តាយជាពន់ពេក ចូលរួមរំលែកទុក្ខដោយក្តីក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងបានបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក សួស តិចឆាយ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

