FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរស្រុកបាទី រៀបចំពិធីប្រណាំងទូក បង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋ

24-11-2026 10:52

(តាកែវ)៖ ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០២៦នេះ និងដើម្បី​បង្កើត​ភាព​សប្បាយ​រីករាយ ជូនប្រជាពលរដ្ឋជាពិសេសក្នុងគោលបំណងថែ​រក្សា​ប្រពៃណី​ជាតិឲ្យបានស្ថិតស្ថេរ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ អាជ្ញាធស្រុកបាទី បានរៀបចំពិធីប្រណាំងទូករយៈពេល៣ថ្ងៃ នៅទីតាំងទំបន់ថ្នល់ដាច់ ភូមិថ្នល់ដាច់ ឃុំក្រាំងលាវ ស្រុកបាទី។

លោក សាយ វណ្ណៈ អភិបាលស្រុកបាទី បានថ្លែងថា យោងតាមមតិណែនាំរបស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ដែលបានណែនាំដល់រដ្ឋបាលក្រុងស្រុក ឲ្យរៀបចំពិធីប្រណាំងទូកកក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ក៏ដូចជារក្សាទំលៀមទំលាប់ប្រពៃណីយ៍ជាតិ រដ្ឋបាលស្រុកបាទីបានរៀបចំការប្រណាំងទូក ចាប់ពីថ្ងៃទី២៣-២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះនៅទីតាំងទំបន់ថ្នល់ដាច់ ភូមិថ្នល់ដាច់ ឃុំក្រាំងលាវ ស្រុកបាទី ដោយមានទូកចូលរួមប្រកួតចំនួន២៤ទូកស្នើនិង១២គូ និងមានកីឡាករអ៊ំទូកចំនួន៣៨៤នាក់។

លោកអភិបាលស្រុកបាទី សាយ វណ្ណៈ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ សូមចូលរួមមកលេងកម្សាន្តពិធីប្រណាំងទូកក្នុងស្រុកបាទី ឲ្យបានច្រើនកុះករហើយកុំមានការព្រួយបារម្ភពីបញ្ហាសន្តិសុខសុវត្ថិភាពឲ្យសោះ ព្រោះអាជ្ញាធបានរៀបចំលក្ខណៈរួចរាល់ ក្នុងការរក្សាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកចូលរួមលេងកម្សាន្តឲ្យបានល្អប្រសើរ៕