ប្រទីបចំនួន៤១មកពីគ្រប់មន្ទីរអង្គភាព ស្រុក ក្រុង រដ្ឋបាលខេត្ត បានចូលរួមបណ្ដែតនៅដងស្ទឹងសិរីសោភ័ណ ដើម្បី អបអរសាទរព្រះរាជពិធីបុណ្យអុំទូក
24-11-2026 10:48
(បន្ទាយមានជ័យ)៖ ឆ្នាំនេះមានប្រទីបចំនួន៤១មកពីគ្រប់មន្ទីរអង្គភាព ស្រុក ក្រុង រដ្ឋបាលខេត្ត ចូលរួមបណ្ដែតនៅដងស្ទឹងសិរីសោភ័ណដើម្បីអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ដែលមានការអញ្ជើញចូលរួមលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្តបន្ទាយមានជ័យ អង្គភាព៣ស្ថាប័ណ្ណ អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ ។
ក្នុងឱកាសបណ្ដែតប្រទីបនោះ លោក អ៊ុំ រាត្រី បានលើកឡើងថា រាត្រីនេះ ជាកាលវេលាមួយដ៏ប្រពៃថ្លៃថ្លាបំផុតគឺត្រូវនឹងថ្ងៃ១៥កើត ខែពេញបូណ៌មី (ខែកត្តិក) ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា គ.ស.២០២៦ ជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស កំពុងប្រារព្ធពិធីអបអរសាទរបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាបុណ្យប្រពៃណីជាតិខ្មែរតាំងពីបុរាណកាលមក និងមានប្រវត្តិដ៏យូរលង់ណាស់មកហើយ។ នៅពេលយប់ក៏មានប្រទីបរបស់ប្រជាពលរដ្ឋជាច្រើនពាន់នាក់បានយកប្រទីបរបស់ខ្លួនមកចូលរួមបណ្ដែតនៅដងស្ទឹងសិរីសោភ័ណនេះផងដែរពិសេសមានការបាញ់កាំជ្រួចយ៉ាងអធិកអធម្មដើម្បីអបអរសាទរក្នុងពិធីនេះដែរ។។
ជាមួយគ្នានេះ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវបានយកចិត្តទុកដាក់ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់បានល្អដើម្បីការពារ ប្រជាពលរដ្ឋ និងទេសចរណ៍បានមកលេងកម្សាន្តសប្បាយរីករាយ នៅក្នុងពិធីបុណ្យនេះផងដែរ។
លោក អ៊ុំ រាត្រី បានឲ្យដឹងបន្តទៀតថា ក្នុងនាមលោកជាថ្នាក់ដឹកនាំខេត្ត លោកសូមសម្តែងនូវអំណរអរគុណដ៏ជ្រាលជ្រៅចំពោះ វត្តមានរបស់លោកលោកស្រី ព្រមទាំងបងប្អូនកូនក្មួយទាំងអស់ ដែលបានចូលរួមក្នុងពិធីបណ្ដែតប្រទីបនារាត្រីនេះ ញ៉ាំងឲ្យពិធីបុណ្យទាំងមូល ប្រព្រឹត្តទៅប្រកបដោយភាពអធិកអធសប្បាយរីករាយយ៉ាងក្រៃលែង។ សូមឱនកាយគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុសក្តិសិទ្ធក្នុងលោក ដួងព្រលឹងរបស់បុព្វបុរសខ្មែរគ្រប់ៗជំនាន់ បារមី នៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាវីរក្សត្រ និងព្រះមហាក្សត្រគ្រប់ព្រះអង្គ សូមជួយប្រោសព្រំពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរដល់វីរៈកងទ័ព ប្រជាពលរដ្ឋ និងទឹកដី នៃប្រទេសកម្ពុជាទាំងមូលសូមឲ្យបានប្រកបដោយសេចក្តីសុខសន្តិភាពពេញបរិបូរណ៍៕
























